សាការី 11:4-17
សាការី 11:4-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ មានព្រះបន្ទូលដូច្នេះថា៖ «ចូរឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ជាហ្វូងដែលពួកអ្នកទិញយកទៅសម្លាប់ ដោយឥតមានទោសអ្វីទេ ឯពួកអ្នកលក់ពោលថា "សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានក្លាយជាអ្នកមានហើយ"។ ពួកគង្វាលក៏មិនបានប្រណីដល់ចៀមដែរ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងមិនប្រណីពួកអ្នកនៅក្នុងស្រុកទៀតឡើយ។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង ហើយទៅក្នុងកណ្ដាប់ដៃស្តេចរបស់ខ្លួនដែរ ពួកនោះនឹងវាយកម្ទេចទឹកដី ហើយយើងក៏មិនប្រោសឲ្យរួចដែរ"»។ ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបងពីរមក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លម្អ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។ នោះខ្ញុំក៏និយាយថា៖ «ខ្ញុំលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ ឲ្យវាហែកគ្នាស៊ីទៅ»។ ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លម្អ» មកកាច់បំបាក់ ដើម្បីផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ។ សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះ យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ខ្ញុំនិយាយទៅគេថា៖ «បើឯងរាល់គ្នាឃើញថាល្អ សូមឲ្យឈ្នួលមកខ្ញុំ ប៉ុន្តែ បើមិនបង់ ក៏ទុកវិញចុះ» ដូច្នេះ គេក៏ថ្លឹងប្រាក់សាមសិបដួងសម្រាប់ជាឈ្នួលរបស់ខ្ញុំ។ បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់មកខ្ញុំថា៖ «ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូន ចុះ» គឺជាតម្លៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃខ្ញុំ នោះខ្ញុំក៏យកប្រាក់សាមសិបដួងនោះ ទៅបោះឲ្យជាងស្មូន ក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា។ រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធមិត្ត» ដើម្បីនឹងផ្តាច់សម្ពន្ធមេត្រីគ្នារវាងពួកយូដា និងពួកអ៊ីស្រាអែល។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរអ្នកយកគ្រឿងប្រដាប់របស់គង្វាលល្ងីល្ងើម្តងទៀត ដ្បិតយើងធ្វើឲ្យមានគង្វាលមួយកើតឡើងក្នុងស្រុក ដែលមិនយកចិត្តទុកដាក់នឹងចៀមដែលវង្វេងបាត់ ក៏មិនទៅរកចៀមណាដែលខ្ចាត់ខ្ចាយ ឬរុំអបចៀមណាដែលរបួស ឬឃ្វាលចៀមណាដែលនៅជាប់តាមហ្វូង។ ផ្ទុយទៅវិញ គង្វាលនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាទៀតផង។ វេទនាដល់គង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រិវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ»។
សាការី 11:4-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។ យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។ ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។ ខ្ញុំកម្ចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។ ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់ឲ្យវាហែកគ្នាស៊ីទៅ! ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។ សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។ ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*ឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅឲ្យជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទុកសម្រាប់ជាងស្មូន។ បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រាអែល។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាគង្វាលដ៏ល្ងីល្ងើទៀតទៅ! ដ្បិតយើងធ្វើឲ្យមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។ គង្វាលពាលមុខជាត្រូវវេទនាពុំខាន! ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។ សូមឲ្យដាវកាប់បំបាក់ដៃ និងចាក់ចំភ្នែកស្ដាំរបស់គេ! សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។
សាការី 11:4-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ទ្រង់មានបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ជាហ្វូងដែលពួកអ្នកទិញក៏សំឡាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបង២មក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លំអ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ហើយខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។ នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លំអ» មកកាច់បំបាក់ ដើម្បីនឹងផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះឯង យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ា នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធ» នោះបង់ ដើម្បីនឹងផ្តាច់សេចក្ដីមេត្រីគ្នារបស់ពួកយូដា នឹងពួកអ៊ីស្រាអែលចេញ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្តងទៀត ដ្បិតមើល អញនឹងឲ្យមានអ្នកគង្វាល១ កើតឡើងក្នុងស្រុកដែលមិនយកចិត្តទុកដាក់នឹងចៀម ដែលវង្វេងបាត់ឡើយ ក៏មិនព្រមទៅរកណាដែលខ្ចាត់ខ្ចាយ ឬរុំអបណាដែលភ្លាត់បាក់ ឬឃ្វាលណាដែលនៅជាប់តាមហ្វូងផង គឺនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាវិញ វេទនាដល់អ្នកគង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រីវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ។