សាការី 11:12-17

សាការី 11:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​និយាយទៅ​គេ​ថា៖ «បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ សូម​ឲ្យ​ឈ្នួល​មកខ្ញុំ ប៉ុន្តែ បើ​មិនបង់ ក៏​ទុក​វិញ​ចុះ» ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​សាម​សិប​ដួង​សម្រាប់​ជា​ឈ្នួល​របស់​ខ្ញុំ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​មក​ខ្ញុំ​ថា៖ «ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន ចុះ» គឺ​ជា​តម្លៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​សាម​សិប​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធមិត្ត» ដើម្បី​នឹង​ផ្តាច់សម្ពន្ធ​មេត្រី​គ្នា​រវាង​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​អ្នក​យក​គ្រឿង​ប្រដាប់​របស់​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត ដ្បិតយើងធ្វើ​ឲ្យ​មាន​គង្វាល​មួយកើត​ឡើង​ក្នុង​ស្រុក ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ដែល​វង្វេង​បាត់ ក៏​មិន​ទៅ​រកចៀម​ណា​ដែល​ខ្ចាត់‌ខ្ចាយ ឬ​រុំ​អប​ចៀម​ណា​ដែល​របួស ឬ​ឃ្វាល​ចៀម​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង។ ផ្ទុយ​ទៅ​វិញ គង្វាល​នឹ​ង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​ទៀត​ផង។ វេទនា​ដល់​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រិវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ»។

ចែក​រំលែក
អាន សាការី 11

សាការី 11:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង*​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​គេ​សន្មត​ថា យើង​មាន​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ ចូរ​យក​ប្រាក់​ដ៏​ថ្លៃ‌ថ្នូរ​បំផុត​របស់​ពួក​គេ​ទៅ​ឲ្យ​ជាង​ស្មូន​ទៅ!»។ ខ្ញុំ​ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​នោះ​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ជាង​ស្មូន។ បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងី‌ល្ងើ​ទៀត​ទៅ! ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវី‌រវល់​ជួយ​ចៀម​របស់​ខ្លួន ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​ឲ្យ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។ គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។

ចែក​រំលែក
អាន សាការី 11

សាការី 11:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ខ្ញុំ​និយាយ​នឹង​គេ​ថា បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ នោះ​សូម​ឲ្យ​ឈ្នួល​មក​អញ ពុំ​នោះ កុំ​រវល់​អី ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​៣០​ដួង​សំរាប់​ជា​ឈ្នួល​របស់​ខ្ញុំ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន​ចុះ គឺ​ជា​ដំឡៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ដល់​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​៣០​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធ» នោះ​បង់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​មេត្រី​គ្នា​របស់​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល​ចេញ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​យក​គ្រឿង​ប្រដាប់​របស់​អ្នក​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត ដ្បិត​មើល អញ​នឹង​ឲ្យ​មាន​អ្នក​គង្វាល​១ កើត​ឡើង​ក្នុង​ស្រុក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម ដែល​វង្វេង​បាត់​ឡើយ ក៏​មិន​ព្រម​ទៅ​រក​ណា​ដែល​ខ្ចាត់​ខ្ចាយ ឬ​រុំ​អប​ណា​ដែល​ភ្លាត់​បាក់ ឬ​ឃ្វាល​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង​ផង គឺ​នឹង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​វិញ វេទនា​ដល់​អ្នក​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រីវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ។

ចែក​រំលែក
អាន សាការី 11