សាការី 11:1-17

សាការី 11:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ល្បាណូន​អើយ ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ដើម​តា‌ត្រៅ​របស់​អ្នក ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តា‌ត្រៅ​បាន​រលំ ហើយ​ដើម​ល្អ​ៗ​ត្រូវ​បំផ្លាញអស់ ឱ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​ត្រូវ​រលំ​ហើយ មាន​ឮ​សំឡេង​ពួក​គង្វាល​ទ្រហោ​យំ សេចក្ដី​រុងរឿង​របស់​គេ​ត្រូវ​បំផ្លាញ ក៏​ឮ​សំឡេង​ស្រែក​ក្រហឹម​របស់​សិង្ហ​ស្ទាវ ដ្បិត​សេចក្ដី​អំនួត​របស់​ទន្លេ​យ័រដាន់​បាន​ខូច‌អស់​ទៅ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​ដែល​សម្រាប់​សម្លាប់ ជា​ហ្វូង​ដែល​ពួក​អ្នក​ទិញយក​ទៅ​សម្លាប់ ដោយ​ឥត​មាន​ទោសអ្វី​ទេ ឯ​ពួក​អ្នក​លក់ពោល​ថា "សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ពរ ដ្បិត​ខ្ញុំ​បានក្លាយ​ជា​អ្នក​មានហើយ"។ ពួក​គង្វាល​ក៏​មិនបាន​ប្រណី​ដល់​ចៀម​ដែរ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​មិន​ប្រណី​ពួក​អ្នក​នៅ​ក្នុង​ស្រុក​ទៀត​ឡើយ។ មើល៍! យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ជិត​ខាង ហើយ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​របស់​ខ្លួន​ដែរ ពួក​នោះ​នឹង​វាយ​កម្ទេចទឹក​ដី ហើយ​យើង​ក៏​មិន​ប្រោស​ឲ្យ​រួច​ដែរ"»។ ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែល​សម្រាប់​សម្លាប់ ដែល​ពិត​ជា​ចៀម​វេទនា​បំផុត​ក្នុង​ហ្វូង ខ្ញុំ​ក៏​យក​ដំបង​ពីរ​មក ដំបង​មួយ​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា «លម្អ» មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា «សម្ពន្ធ» ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ទៅ ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​គង្វាល​អស់​បី​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។ នោះ​ខ្ញុំ​ក៏​និយាយ​ថា៖ «ខ្ញុំ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ»។ ខ្ញុំ​ក៏​យក​ដំបង​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ «លម្អ» មក​កាច់​បំបាក់ ដើម្បី​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​នឹង​ជន​ជាតិ​ទាំង‌ឡាយ។ សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។ ខ្ញុំ​និយាយទៅ​គេ​ថា៖ «បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ សូម​ឲ្យ​ឈ្នួល​មកខ្ញុំ ប៉ុន្តែ បើ​មិនបង់ ក៏​ទុក​វិញ​ចុះ» ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​សាម​សិប​ដួង​សម្រាប់​ជា​ឈ្នួល​របស់​ខ្ញុំ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​មក​ខ្ញុំ​ថា៖ «ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន ចុះ» គឺ​ជា​តម្លៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​សាម​សិប​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធមិត្ត» ដើម្បី​នឹង​ផ្តាច់សម្ពន្ធ​មេត្រី​គ្នា​រវាង​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​អ្នក​យក​គ្រឿង​ប្រដាប់​របស់​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត ដ្បិតយើងធ្វើ​ឲ្យ​មាន​គង្វាល​មួយកើត​ឡើង​ក្នុង​ស្រុក ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ដែល​វង្វេង​បាត់ ក៏​មិន​ទៅ​រកចៀម​ណា​ដែល​ខ្ចាត់‌ខ្ចាយ ឬ​រុំ​អប​ចៀម​ណា​ដែល​របួស ឬ​ឃ្វាល​ចៀម​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង។ ផ្ទុយ​ទៅ​វិញ គង្វាល​នឹ​ង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​ទៀត​ផង។ វេទនា​ដល់​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រិវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ»។

ចែក​រំលែក
អាន សាការី 11

សាការី 11:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្រុក​លីបង់​អើយ ចូរ​បើក​ចំហ​ទ្វារ​របស់​អ្នក! ចូរ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ដ៏​ធំៗ​របស់​អ្នក​ទៅ! ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ! ចូរ​ស្ដាប់​សម្រែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំ ដ្បិត​ពួក​គេ​បាត់​បង់​យស‌ស័ក្ដិ​អស់​ហើយ។ ចូរ​ស្ដាប់​សម្រែក​របស់​សិង្ហ​ស្ទាវ ដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មាន ព្រៃ​ទ្រុប‌ទ្រុល វិនាស​ហិន‌ហោច​អស់​ហើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ឃ្វាល​ចៀម​ដែល​គេ​បម្រុង​យក​ទៅ​សម្លាប់​នោះ​ទៅ!។ អស់​អ្នក​ដែល​ទិញ​ចៀម​ទាំង​នេះ នឹង​យក​ពួក​វា​ទៅ​សម្លាប់ ដោយ​គិត​ថា​ខ្លួន​គ្មាន​កំហុស​អ្វី​ទេ។ អស់​អ្នក​ដែល​លក់​ចៀម​ទាំង​នេះ​ពោល​ថា “អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ!”។ គ្មាន​គង្វាល​ណា​ម្នាក់​នឹក​អាណិត​ចៀម​ទាំង​នេះ​ទេ។ យើង​ក៏​មិន​ត្រា​ប្រណី​ប្រជា‌ជន​នៅ​លើ​ផែនដី​ដែរ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជិះ‌ជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ខ្លួន។ ពួក​គេ​នឹង​កម្ទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​ឲ្យ​រួច​ឡើយ»។ ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម​ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្ត‌ភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។ ខ្ញុំ​កម្ចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។ ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​ឲ្យ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​ឲ្យ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេស‌សល់​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ! ខ្ញុំ​យក​ដំបង​ចំណង​មេត្រី​របស់​ខ្ញុំ​មក​កាច់​បំបាក់ ដើម្បី​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ខ្ញុំ​បាន​ចង​ជា​មួយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន។ សម្ពន្ធ‌មេត្រី​បាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ពួក​ឈ្មួញ​ចៀម​ដែល​តាម​សង្កេត​មើល​ខ្ញុំ នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ​មែន។ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង*​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​គេ​សន្មត​ថា យើង​មាន​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ ចូរ​យក​ប្រាក់​ដ៏​ថ្លៃ‌ថ្នូរ​បំផុត​របស់​ពួក​គេ​ទៅ​ឲ្យ​ជាង​ស្មូន​ទៅ!»។ ខ្ញុំ​ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​នោះ​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ជាង​ស្មូន។ បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងី‌ល្ងើ​ទៀត​ទៅ! ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវី‌រវល់​ជួយ​ចៀម​របស់​ខ្លួន ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​ឲ្យ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។ គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។

ចែក​រំលែក
អាន សាការី 11

សាការី 11:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ល្បាណូន​អើយ ចូរ​បើក​ទ្វារ​ឯង​ឡើង ដើម្បី​ឲ្យ​ភ្លើង​បាន​ឆេះ​ដើម​តាត្រៅ​របស់​ឯង ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តាត្រៅ​បាន​រលំ ឯ​អស់​ទាំង​ដើម​យ៉ាង​ល្អ​បាន​ត្រូវ​បំផ្លាញ​ហើយ ឱ​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​បាន​ត្រូវ​រលំ​ហើយ មាន​ឮ​សំឡេង​ពួក​គង្វាល​ទ្រហោ​យំ សេចក្ដី​រុងរឿង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ក៏​ឮ​សំឡេង​ស្រែក​គ្រហឹម​នៃ​សិង្ហ​ស្ទាវ ដ្បិត​សេចក្ដី​អំនួត​របស់​ទន្លេ​យ័រដាន់​បាន​ត្រូវ​ខូច​បង់​ទៅ។ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​ដែល​សំរាប់​សំឡាប់ ជា​ហ្វូង​ដែល​ពួក​អ្នក​ទិញ​ក៏​សំឡាប់​ទៅ ឥត​រាប់​ខ្លួន​ជា​មាន​ទោស​ឡើយ ហើយ​ពួក​អ្នក​ដែល​លក់​វា​ក៏​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ពរ ដ្បិត​ខ្ញុំ​បាន​មាន​ឡើង ហើយ​ទាំង​ពួក​គង្វាល​ក៏​មិន​ប្រណី​ដល់​វា​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​មិន​ប្រណី​ដល់​ពួក​អ្នក​នៅ​ក្នុង​ស្រុក​ទៀត​ឡើយ មើល អញ​នឹង​ប្រគល់​គ្រប់​ទាំង​ប្រុសៗ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ខ្លួន ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​របស់​ខ្លួន​ដែរ ពួក​ទាំង​នោះ​នឹង​វាយ​ស្រុក ហើយ​អញ​មិន​ព្រម​ប្រោស​ឲ្យ​រួច​ដែរ ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែល​សំរាប់​សំឡាប់ ដែល​ពិត​ជា​ចៀម​វេទនា​បំផុត​ក្នុង​ហ្វូង ខ្ញុំ​ក៏​យក​ដំបង​២​មក ដំបង​មួយ​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា «លំអ» មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា «សម្ពន្ធ» ហើយ​ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ទៅ ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​អ្នក​គង្វាល​អស់​៣​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។ នោះ​ខ្ញុំ​ក៏​និយាយ​ថា អញ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ នោះ​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ ខ្ញុំ​ក៏​យក​ដំបង​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ «លំអ» មក​កាច់​បំបាក់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​នឹង​ជន‌ជាតិ​ទាំង‌ឡាយ សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ​ឯង យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​ខ្ញុំ​និយាយ​នឹង​គេ​ថា បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ នោះ​សូម​ឲ្យ​ឈ្នួល​មក​អញ ពុំ​នោះ កុំ​រវល់​អី ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​៣០​ដួង​សំរាប់​ជា​ឈ្នួល​របស់​ខ្ញុំ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន​ចុះ គឺ​ជា​ដំឡៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ដល់​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​៣០​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធ» នោះ​បង់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​មេត្រី​គ្នា​របស់​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល​ចេញ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​យក​គ្រឿង​ប្រដាប់​របស់​អ្នក​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត ដ្បិត​មើល អញ​នឹង​ឲ្យ​មាន​អ្នក​គង្វាល​១ កើត​ឡើង​ក្នុង​ស្រុក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម ដែល​វង្វេង​បាត់​ឡើយ ក៏​មិន​ព្រម​ទៅ​រក​ណា​ដែល​ខ្ចាត់​ខ្ចាយ ឬ​រុំ​អប​ណា​ដែល​ភ្លាត់​បាក់ ឬ​ឃ្វាល​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង​ផង គឺ​នឹង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​វិញ វេទនា​ដល់​អ្នក​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រីវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ។

ចែក​រំលែក
អាន សាការី 11