សាការី 1:17-21
សាការី 1:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរបន្លឺឡើងម្ដងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់យើងនឹងមានសេចក្ដីចម្រើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង»។ ខ្ញុំបានក្រឡេកមើលទៅឃើញស្នែងបួន ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើនេះជាអ្វី?» ទេវតាប្រាប់ខ្ញុំថា៖ «នេះជាស្នែងទាំងប៉ុន្មានដែលបានកម្ចាត់កម្ចាយពួកយូដា ពួកអ៊ីស្រាអែល និងពួកក្រុងយេរូសាឡិម»។ ពេលនោះ ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញជាងដែកបួននាក់។ ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?» ទេវតាប្រាប់ថា៖ «គឺស្នែងទាំងនេះដែលកម្ចាត់កម្ចាយពួកយូដា ដែលគ្មានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមកបំភ័យគេ ហើយវាយទម្លាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីកម្ចាត់កម្ចាយគេ»។
សាការី 1:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។ ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។ ខ្ញុំក៏សួរទេវតាដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវតាតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកម្ចាត់កម្ចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និងអ្នកក្រុងយេរូសាឡឹម»។ បន្ទាប់មក ព្រះអម្ចាស់ប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។ ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកម្ចាត់កម្ចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកម្ចាត់កម្ចាយប្រជាជន»។
សាការី 1:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរបន្លឺឡើងម្តងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អញនឹងមានសេចក្ដីចំរើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកំសាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង។ នោះខ្ញុំក៏ងើបភ្នែកឡើង មើលទៅឃើញស្នែង៤ នោះខ្ញុំសួរទេវតា ដែលពោលនឹងខ្ញុំថា នេះតើជាអ្វី នោះទេវតាប្រាប់ខ្ញុំថា នេះគឺជាស្នែងទាំងប៉ុន្មានដែលបានកំចាត់កំចាយពួកយូដា ពួកអ៊ីស្រាអែល នឹងពួកក្រុងយេរូសាឡិម រួចព្រះយេហូវ៉ាទ្រង់ឲ្យខ្ញុំឃើញជាងដែក៤នាក់ ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកំចាត់កំចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទំលាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកំចាត់កំចាយគេទៅ។