សាការី 1:1-21
សាការី 1:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរាជ្យដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី កូនបេរេគា ដែលជាកូនអ៊ីដោថា៖ «ព្រះយេហូវ៉ាថ្នាំងថ្នាក់ជាខ្លាំងនឹងបុព្វបុរសរបស់ឯងរាល់គ្នា។ ហេតុនោះ ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះ ចូរវិលមកឯយើងវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះយើងនឹងវិលមកឯឯងរាល់គ្នាដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ កុំប្រព្រឹត្តដូចជាបុព្វបុរសរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្ដអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមយើងទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ឯបុព្វបុរសរបស់ឯងរាល់គ្នា តើឥឡូវគេនៅឯណា ហើយតើពួកហោរានៅជាដរាបឬ? ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។ នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ គឺខែមាឃ ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា៖ «នៅវេលាយប់ យើងបានមើលឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលដើមយីថោ ដែលដុះនៅទីទំនាប នៅពីក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ និងស។ ពេលនោះ ខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី? ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា យើងនឹងបង្ហាញឲ្យអ្នកដឹងថាទាំងអស់នេះជាអ្វី»។ ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។ ពួកនោះក៏តបទៅទេវតារបស់ព្រះយេហូវ៉ា ដែលឈរកណ្ដាលដើមយីថោថា៖ «យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត»។ ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?» ព្រះយេហូវ៉ាឆ្លើយដោយពាក្យល្អ គឺជាពាក្យកម្សាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ។ ដូច្នេះ ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ «ចូរប្រកាសថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ យើងមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម និងភ្នំស៊ីយ៉ូន ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។ ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានវិលមកក្រុងយេរូសាឡិម ទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់យើងនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ចូរបន្លឺឡើងម្ដងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់យើងនឹងមានសេចក្ដីចម្រើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង»។ ខ្ញុំបានក្រឡេកមើលទៅឃើញស្នែងបួន ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើនេះជាអ្វី?» ទេវតាប្រាប់ខ្ញុំថា៖ «នេះជាស្នែងទាំងប៉ុន្មានដែលបានកម្ចាត់កម្ចាយពួកយូដា ពួកអ៊ីស្រាអែល និងពួកក្រុងយេរូសាឡិម»។ ពេលនោះ ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញជាងដែកបួននាក់។ ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?» ទេវតាប្រាប់ថា៖ «គឺស្នែងទាំងនេះដែលកម្ចាត់កម្ចាយពួកយូដា ដែលគ្មានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមកបំភ័យគេ ហើយវាយទម្លាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីកម្ចាត់កម្ចាយគេ»។
សាការី 1:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោដូចតទៅ: ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ ចូរប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។ ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងច្បាប់ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។ នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោដូចតទៅ: នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោក មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។ ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ទេវតា*ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យលោកដឹងថា អ្នកទាំងនោះជានរណា»។ បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោ ពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់បានចាត់ឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ អ្នកទាំងនោះពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និងសម្រាលទុក្ខទេវតា*ដែលនិយាយជាមួយខ្ញុំ។ ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់ តែយើងក្រេវក្រោធយ៉ាងខ្លាំង ទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។ ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។ ខ្ញុំក៏សួរទេវតាដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវតាតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកម្ចាត់កម្ចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និងអ្នកក្រុងយេរូសាឡឹម»។ បន្ទាប់មក ព្រះអម្ចាស់ប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។ ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកម្ចាត់កម្ចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកម្ចាត់កម្ចាយប្រជាជន»។
សាការី 1:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅខែកត្តិក ក្នុងឆ្នាំទី២នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា ព្រះយេហូវ៉ាទ្រង់មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំងនឹងពួកឰយុកោឯងរាល់គ្នា ហេតុនោះ ចូរឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ចូរវិលមកឯអញវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ នេះក៏ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ កុំឲ្យប្រព្រឹត្តដូចជាពួកឰយុកោរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ នឹងពីការប្រព្រឹត្តអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមអញទេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ឯពួកឰយុកោរបស់ឯងរាល់គ្នា ឥឡូវតើគេនៅឯណា ហើយពួកហោរាតើគេនៅជាដរាបឬអី តែចំណែកពាក្យ នឹងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកឰយុកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត នឹងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។ នៅថ្ងៃ២៤ ខែទី១១ គឺខែមាឃ ក្នុងឆ្នាំទី២នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា នៅវេលាយប់ អញបានមើលទៅ ឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្តាលដើមយីថោ ដែលដុះនៅទីទំនាប ឯខាងក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ ហើយស នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី រួចទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា អញនឹងបង្ហាញឲ្យឯងដឹងថាទាំងអស់នេះជាអ្វី រួចមនុស្សដែលឈរនៅកណ្តាលដើមយីថោ ក៏ឆ្លើយឡើងថា ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី ពួកនោះក៏តបដល់ទេវតានៃព្រះយេហូវ៉ា ដែលឈរកណ្តាលដើមយីថោថា យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត។ បន្ទាប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានទ្រង់អាណិតមេត្តាដល់ក្រុងយេរូសាឡិម នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលទ្រង់បានគ្នាន់ក្នាញ់នឹងគេអស់៧០ឆ្នាំហើយនេះ ព្រះយេហូវ៉ាទ្រង់ឆ្លើយដោយពាក្យល្អ គឺជាពាក្យកំសាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ ដូច្នេះ ទេវតាដែលពោលមកនឹងខ្ញុំក៏ប្រាប់ខ្ញុំថា ចូរបន្លឺឡើងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម នឹងភ្នំស៊ីយ៉ូន ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ចូរបន្លឺឡើងម្តងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អញនឹងមានសេចក្ដីចំរើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកំសាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង។ នោះខ្ញុំក៏ងើបភ្នែកឡើង មើលទៅឃើញស្នែង៤ នោះខ្ញុំសួរទេវតា ដែលពោលនឹងខ្ញុំថា នេះតើជាអ្វី នោះទេវតាប្រាប់ខ្ញុំថា នេះគឺជាស្នែងទាំងប៉ុន្មានដែលបានកំចាត់កំចាយពួកយូដា ពួកអ៊ីស្រាអែល នឹងពួកក្រុងយេរូសាឡិម រួចព្រះយេហូវ៉ាទ្រង់ឲ្យខ្ញុំឃើញជាងដែក៤នាក់ ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកំចាត់កំចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទំលាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកំចាត់កំចាយគេទៅ។