ទីតុស 3:1-14

ទីតុស 3:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​រំឭក​ពួក​គេឲ្យ​ចុះ​ចូល​នឹង​ពួកមេ​ដឹកនាំ ចុះ​ចូល​នឹង​អាជ្ញាធរ ឲ្យ​គេ​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រ‌កែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ទាំង​បង្ហាញ​ចិត្ត​សុភាព​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់។ ដ្បិត​ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង​ចចេស និង​វង្វេង ទាំង​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា សេចក្ដី​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង ទាំង​រស់​នៅ​ដោយ​ចិត្ត​អាក្រក់ និង​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ ប៉ុន្ដែ កាល​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​បាន​លេច​មក ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គវិញ ដោយ​សារ​ការ​លាង​សម្អាត​ឲ្យ​បាន​កើត​ជា​ថ្មី និង​ការ​ធ្វើ​ឲ្យមាន​ជីវិត​ជា​ថ្មី​ដោយ‌សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ‌អង្គ​បាន​ចាក់​បង្ហូរ​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត។ សេចក្ដី​ទាំង​នេះល្អ​ប្រសើរ​ណាស់ ក៏​មាន​ប្រយោជន៍​ដល់​មនុស្ស​ផង។ ប៉ុន្តែ ចូរ​ចៀស​វាង​ពី​ការ​ដេញ​ដោល​ដ៏​លេលា ពី​រឿង​ពង្សា‌វតារ ពី​ការ​ឈ្លោះ​ប្រ‌កែក និងការ​ជជែក​ពី​ក្រឹត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់។ អ្នក​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​បែក​បាក់ នោះ​ក្រោយ​ពី​ព្រមាន​ម្តង​ពីរ​ដង​រួច​ហើយ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ទៅ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប ព្រម​ទាំង​កាត់​ទោស​ខ្លួន​ឯង​ផង។ នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទី​ឃី‌កុស​ឲ្យ​មក​រក​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​នឹង​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។ ចូរ​ខំ​ជួយ​លោក​សេ‌ណាស ជា​មេ‌ធាវី និង​លោក​អ័ប៉ុ‌ឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខផង កុំ​ឲ្យ​ពួក​លោក​ខ្វះ​ខាត​អ្វី​ឡើយ។ ត្រូវ​ឲ្យ​បង​ប្អូន​របស់​យើង​រៀន​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការដ៏​ចាំ​បាច់ ប្រយោជន៍​កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​ដែល​ឥត​បង្កើត​ផល។

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​រំឭក​ដាស់‌តឿន​បងប្អូន ឲ្យ​គោរព​ចុះ​ចូល​នឹង​អាជ្ញា‌ធរ ចុះ​ចូល​នឹង​រដ្ឋ​អំណាច ឲ្យ​គេ​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រៀប​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង។ កុំ​ឲ្យ​គេ​និយាយ​អាក្រក់​ពី​នរណា កុំ​ឲ្យ​គេ​បង្ក​រឿង តែ​ឲ្យ​គេ​មាន​ចិត្ត​សប្បុរស និង​បង្ហាញ​ចិត្ត​ស្លូត​បូត​គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។ ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា និង​ការ​ស្រើប‌ស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ត​កំណាច និង​ច្រណែន‌ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្រឡាញ់​ចំពោះ​មនុស្ស​លោក ព្រះអង្គ​ក៏​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ព្រះអង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ ព្រះអង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​សុចរិត* ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ជា​មត៌ក តាម​សេចក្ដី​សង្ឃឹម​របស់​យើង។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌ជាម្ចាស់ ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក! ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​លេលា ជជែក​អំពី​បញ្ជី​វង្ស​ត្រកូល ចៀស‌វាង​ទាស់‌ទែង​គ្នា និង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ក្រឹត្យ‌វិន័យ* ដ្បិត​ការ​ទាំង​នេះ​ឥត​មាន​ផល​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។ ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​ឲ្យ​ចេញ​ទៅ ដោយ​ដឹង​ថា ជន​ប្រភេទ​នេះ​ជា​មនុស្ស​ខូច គេ​ប្រព្រឹត្ត​អំពើ​បាប និង​ដាក់​ទោស​ខ្លួន​ឯង។ ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទីឃី‌កុស​ឲ្យ​មក​រក​អ្នក។ កាល​ណា​គាត់​មក​ដល់ ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​បី​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា នឹង​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។ ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស ឲ្យ​បន្ត​ដំណើរ​ទៅ​ផង កុំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។ ត្រូវ​ឲ្យ​បងប្អូន​យើង​រៀន​ប្រព្រឹត្ត​អំពើ​ល្អ​ឲ្យ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំបាច់​ផ្សេងៗ កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង‌ចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្ដី​ប៉ង‌ប្រាថ្នា នឹង​សេចក្ដី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្ដី​ដេញ‌ដោល​យ៉ាង​ល្ងី‌ល្ងើ នឹង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ជជែក​ពី​ក្រិត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់ ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្ស‌ពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។ កាល​ណា​ខ្ញុំ​ចាត់​អ្នក​អើតេ‌ម៉ាស ឬ​អ្នក​ទីឃី‌កុស​មក​ឯ​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​ផង ដ្បិត​ខ្ញុំ​បាន​សំរេច​នឹង​នៅ​ទី​នោះ ក្នុង​រដូវ​រងា​នេះ ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេ‌ន៉ាស ជា​ស្មា​ក្តី នឹង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ ហើយ​ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សំរាប់​បំពេញ​កិច្ច​ដែល​ខ្វះ​ខាត ដើម្បី​កុំ​ឲ្យ​គេ​នៅ​តែ​ឥត​ផល​ប្រយោជន៍​នោះ​ឡើយ។

ចែក​រំលែក
អាន ទីតុស 3