ទីតុស 2:4-15
ទីតុស 2:4-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។ ឯបុរសដែលនៅក្មេងក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់ធ្ងរ។ ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ ហើយនិយាយពាក្យត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន ដើម្បីឲ្យអ្នកណាដែលទាស់ទទឹងមានសេចក្ដីខ្មាស ដោយរកហេតុនឹងនិយាយអាក្រក់ពីយើងមិនបាន។ ចូរឲ្យពួកអ្នកបម្រើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តចៅហ្វាយក្នុងគ្រប់ការទាំងអស់ ឥតក្រកែក ឥតលួចបន្លំឡើយ គឺត្រូវសម្តែងខ្លួនជាស្មោះត្រង់គ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។ ព្រះគុណរបស់ព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
ទីតុស 2:4-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ រីឯពួកយុវជនវិញ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់គ្រប់វិស័យទាំងអស់។ ចូរប្រព្រឹត្តអំពើល្អ ធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ និយាយពាក្យសម្ដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។ ចូរប្រាប់បងប្អូន ដែលជាខ្ញុំបម្រើ ឲ្យស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើឲ្យម្ចាស់ពេញចិត្ត មិនត្រូវជំទាស់នឹងគាត់ មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសម្តែងចិត្តល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្តិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ក្នុងគ្រប់កិច្ចការទាំងអស់។ ព្រះជាម្ចាស់បានសម្តែងឲ្យយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់ ហើយអប់រំយើងឲ្យលះបង់ចិត្ត ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល ឲ្យលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឲ្យយើងរស់នៅក្នុងលោកនេះដោយមានចិត្តធ្ងន់ សុចរិត* និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។ អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោស ដោយប្រើអំណាចពេញទី។ កុំឲ្យនរណាមើលងាយអ្នកឡើយ។
ទីតុស 2:4-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។ ចូរទូន្មានពួកបុរស ដែលក្មេងជាង បែបដូច្នោះដែរ ឲ្យគេមានចិត្តធ្ងន់ធ្ងរ ហើយត្រូវឲ្យអ្នកសំដែងខ្លួន ទុកជាគំរូពីការល្អគ្រប់ជំពូក ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង ដើម្បីឲ្យអ្នកណាដែលទទឹងទទែងបានអៀនខ្មាស ដោយគ្មានហេតុនឹងនិយាយអាក្រក់ពីអ្នកឡើយ។ ចូរឲ្យពួកបាវបំរើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តក្នុងគ្រប់ការទាំងអស់ ឥតប្រកែក ឥតលួចបំបាត់ឡើយ ត្រូវសំដែងខ្លួនជាស្មោះត្រង់ល្អគ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់។ ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។