ទីតុស 2:1-5
ទីតុស 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ត្រូវទូន្មានលោកតាចាស់ៗឲ្យចេះគ្រប់គ្រងចិត្ត មានចិត្តនឹងធឹង ហើយធ្ងន់ ឲ្យមានជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនផង។ ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។
ទីតុស 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ ចូរជម្រាបលោកតាចាស់ៗកុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាតស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូទ្រាំ។ រីឯលោកយាយចាស់ៗវិញក៏ដូច្នោះដែរ ចូរជម្រាបគាត់ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ* កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
ទីតុស 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យអ្នកនិយាយតែសេចក្ដីណា ដែលសំណំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ត្រូវទូន្មានឲ្យពួកចាស់ៗដឹងខ្នាត មានចិត្តនឹងធឹង ហើយធ្ងន់ធ្ងរ ឲ្យមានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវផង ឲ្យពួកស្ត្រីចាស់ៗបានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។