ទីតុស 1:9-14 - Compare All Versions
ទីតុស 1:9-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។ ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។ មានម្នាក់ក្នុងចំណោមពួកគេ ដែលជាហោរារបស់គេផ្ទាល់ បានពោលថា៖ «ពួកសាសន៍ក្រេតសុទ្ធតែជាមនុស្សកុហក ជាសត្វព្រៃកំណាច ជាមនុស្សល្មោភស៊ីដែលខ្ជិលច្រអូស»។ បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ កុំស្តាប់តាមរឿងព្រេងរបស់សាសន៍យូដា ឬតាមបទបញ្ជារបស់អស់អ្នកដែលបែរចេញពីសេចក្ដីពិតនោះឡើយ។
ទីតុស 1:9-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃ តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។ មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿ មានចិត្តរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើឲ្យកើតវឹកវរក្នុងក្រុមគ្រួសារជាច្រើន ដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។ មានម្នាក់ក្នុងចំណោមពួកគេ ដែលជាព្យាការី*របស់គេផ្ទាល់ ពោលថា: «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកម្ជិល ដែលគិតតែពីស៊ីផឹក!»។ ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា និងជាប់ចិត្តទៅលើបទបញ្ជាផ្សេងៗរបស់ពួកអ្នក ដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។
ទីតុស 1:9-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង ដ្បិតមានមនុស្សជាច្រើន គឺក្នុងពួកអ្នកកាត់ស្បែកជាដើម ដែលរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបង្ខូចគំនិតមនុស្ស ត្រូវតែបំបាត់មាត់គេ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកំរៃដ៏លាមក មានពួកគេម្នាក់ គឺជាហោរារបស់ផងគេបានថា ពួកសាសន៍ក្រេតចេះតែភូតកុហក ជាសត្វព្រៃកំណាច ជាពួកល្មោភហើយកំជិល សេចក្ដីបន្ទាល់នេះត្រូវណាស់ ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរុឹង ដើម្បីឲ្យគេមានសេចក្ដីជំនឿត្រឹមត្រូវវិញ ឥតស្តាប់តាមរឿងទំនៀមនៃសាសន៍យូដា ឬតាមសេចក្ដីបញ្ញត្តរបស់មនុស្ស ដែលបែរចេញពីសេចក្ដីពិតនោះឡើយ