ទីតុស 1:7-14

ទីតុស 1:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ អ្នក​អភិបាល ត្រូវ​តែ​ជា​មនុស្ស​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ គឺ​អ្នក​នោះ​ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ ហើយ​សុចរិត បរិសុទ្ធ ចេះ​គ្រប់​គ្រង​ចិត្ត។ អ្នក​នោះ​ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​មាន​សមត្ថភាពដាស់​តឿន​គេ ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​ចេះ​បន្ទោស​ដល់​អស់​អ្នក​ដែល​ទាស់​ទទឹង។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មានចិត្ត​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បោក​ប្រាស់គេ ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កម្រៃ​ដ៏​លាមក។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ហោរា​របស់​គេ​ផ្ទាល់ បាន​ពោល​ថា៖ «ពួក​សាសន៍​ក្រេតសុទ្ធ​តែ​ជា​មនុស្ស​កុហក ជា​សត្វ​ព្រៃ​កំណាច ជា​មនុស្ស​ល្មោភស៊ី​ដែល​ខ្ជិល​ច្រអូស»។ បន្ទាល់​នេះ​ត្រូវ​ណាស់! ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ កុំ​ស្តាប់​តាម​រឿង​ព្រេង​របស់​សាសន៍​យូដា ឬ​តាមបទ​បញ្ជា​របស់​អស់​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។

ចែក​រំលែក
អាន ទីតុស 1

ទីតុស 1:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ អ្នក​អភិបាល​ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ* ចេះ​ទប់​ចិត្ត ជាប់​ចិត្ត​នឹង​ព្រះ‌បន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឲ្យ​មាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។ មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ មាន​ចិត្ត​រឹង‌រូស ព្រោក‌ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។ ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ព្យាការី*​របស់​គេ​ផ្ទាល់ ពោល​ថា: «អ្នក​ស្រុក​ក្រែត​សុទ្ធ​តែ​ជា​មេ​កុហក ជា​សត្វ​តិរច្ឆាន​ដ៏​សាហាវ និង​ជា​មេ​កម្ជិល ដែល​គិត​តែ​ពី​ស៊ី​ផឹក!»។ ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។

ចែក​រំលែក
អាន ទីតុស 1

ទីតុស 1:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត‌ត្រា​បាន​ឥត​សៅ‌ហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​ការ​ល្អ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​សុចរិត បរិសុទ្ធ ដឹង​ខ្នាត​វិញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​អាច​នឹង​កំសាន្ត​ចិត្ត​គេ ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ ហើយ​ឲ្យ​បាន​ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជា​ដើម ដែល​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស ត្រូវ​តែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កំរៃ​ដ៏​លាមក មាន​ពួក​គេ​ម្នាក់ គឺ​ជា​ហោរា​របស់​ផង​គេ​បាន​ថា ពួក​សាសន៍​ក្រេត​ចេះ​តែ​ភូត‌កុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ​ហើយ​កំជិល សេចក្ដី​បន្ទាល់​នេះ​ត្រូវ​ណាស់ ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រុឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ត្រឹម‌ត្រូវ​វិញ ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្ដី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ

ចែក​រំលែក
អាន ទីតុស 1