ទីតុស 1:5-16
ទីតុស 1:5-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង គឺជាអ្នកដែលរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានកូនចៅជាអ្នកជឿ ឥតមានអ្នកណាចោទប្រកាន់ថាជាមនុស្សខិលខូច ហើយរឹងចចេស។ ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ គឺអ្នកនោះត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ ហើយសុចរិត បរិសុទ្ធ ចេះគ្រប់គ្រងចិត្ត។ អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។ ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។ មានម្នាក់ក្នុងចំណោមពួកគេ ដែលជាហោរារបស់គេផ្ទាល់ បានពោលថា៖ «ពួកសាសន៍ក្រេតសុទ្ធតែជាមនុស្សកុហក ជាសត្វព្រៃកំណាច ជាមនុស្សល្មោភស៊ីដែលខ្ជិលច្រអូស»។ បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ កុំស្តាប់តាមរឿងព្រេងរបស់សាសន៍យូដា ឬតាមបទបញ្ជារបស់អស់អ្នកដែលបែរចេញពីសេចក្ដីពិតនោះឡើយ។ គ្រប់ទាំងអស់ជាស្អាតបរិសុទ្ធ ដល់អ្នកណាដែលស្អាតបរិសុទ្ធ តែចំពោះពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ នោះគ្មានអ្វីស្អាតបរិសុទ្ធឡើយ គឺគេស្មោកគ្រោកទាំងគំនិត ទាំងមនសិការ។ គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។
ទីតុស 1:5-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថាជាកូនខិលខូច មិនចេះស្ដាប់បង្គាប់។ ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាលត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ សុចរិត ចិត្តបរិសុទ្ធ* ចេះទប់ចិត្ត ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃ តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។ មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿ មានចិត្តរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើឲ្យកើតវឹកវរក្នុងក្រុមគ្រួសារជាច្រើន ដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។ មានម្នាក់ក្នុងចំណោមពួកគេ ដែលជាព្យាការី*របស់គេផ្ទាល់ ពោលថា: «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកម្ជិល ដែលគិតតែពីស៊ីផឹក!»។ ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា និងជាប់ចិត្តទៅលើបទបញ្ជាផ្សេងៗរបស់ពួកអ្នក ដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មង និងមិនជឿ អ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។ គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អឡើយ។
ទីតុស 1:5-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនឹងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ ដ្បិតគួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ ត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មានចិត្តធ្ងន់ធ្ងរ ហើយសុចរិត បរិសុទ្ធ ដឹងខ្នាតវិញ ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង ដ្បិតមានមនុស្សជាច្រើន គឺក្នុងពួកអ្នកកាត់ស្បែកជាដើម ដែលរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបង្ខូចគំនិតមនុស្ស ត្រូវតែបំបាត់មាត់គេ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកំរៃដ៏លាមក មានពួកគេម្នាក់ គឺជាហោរារបស់ផងគេបានថា ពួកសាសន៍ក្រេតចេះតែភូតកុហក ជាសត្វព្រៃកំណាច ជាពួកល្មោភហើយកំជិល សេចក្ដីបន្ទាល់នេះត្រូវណាស់ ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរុឹង ដើម្បីឲ្យគេមានសេចក្ដីជំនឿត្រឹមត្រូវវិញ ឥតស្តាប់តាមរឿងទំនៀមនៃសាសន៍យូដា ឬតាមសេចក្ដីបញ្ញត្តរបស់មនុស្ស ដែលបែរចេញពីសេចក្ដីពិតនោះឡើយ គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿវិញនោះឡើយ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតមានប្រយោជន៍អ្វីដល់ការល្អទាំងអស់។