ទីតុស 1:10-16

ទីតុស 1:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មានចិត្ត​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បោក​ប្រាស់គេ ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កម្រៃ​ដ៏​លាមក។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ហោរា​របស់​គេ​ផ្ទាល់ បាន​ពោល​ថា៖ «ពួក​សាសន៍​ក្រេតសុទ្ធ​តែ​ជា​មនុស្ស​កុហក ជា​សត្វ​ព្រៃ​កំណាច ជា​មនុស្ស​ល្មោភស៊ី​ដែល​ខ្ជិល​ច្រអូស»។ បន្ទាល់​នេះ​ត្រូវ​ណាស់! ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ កុំ​ស្តាប់​តាម​រឿង​ព្រេង​របស់​សាសន៍​យូដា ឬ​តាមបទ​បញ្ជា​របស់​អស់​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។ គ្រប់​ទាំង​អស់ជា​ស្អាត​បរិសុទ្ធ ដល់​អ្នក​ណា​ដែល​ស្អាត​បរិសុទ្ធ តែ​ចំពោះ​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ នោះ​គ្មាន​អ្វី​ស្អាត​បរិសុទ្ធ​ឡើយ គឺ​គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​មនសិការ។ គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។

ចែក​រំលែក
អាន ទីតុស 1

ទីតុស 1:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ មាន​ចិត្ត​រឹង‌រូស ព្រោក‌ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។ ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ព្យាការី*​របស់​គេ​ផ្ទាល់ ពោល​ថា: «អ្នក​ស្រុក​ក្រែត​សុទ្ធ​តែ​ជា​មេ​កុហក ជា​សត្វ​តិរច្ឆាន​ដ៏​សាហាវ និង​ជា​មេ​កម្ជិល ដែល​គិត​តែ​ពី​ស៊ី​ផឹក!»។ ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅ‌ហ្មង និង​មិន​ជឿ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មន‌សិការ​របស់​គេ​សុទ្ធ​តែ​សៅ‌ហ្មង។ គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។

ចែក​រំលែក
អាន ទីតុស 1

ទីតុស 1:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជា​ដើម ដែល​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស ត្រូវ​តែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កំរៃ​ដ៏​លាមក មាន​ពួក​គេ​ម្នាក់ គឺ​ជា​ហោរា​របស់​ផង​គេ​បាន​ថា ពួក​សាសន៍​ក្រេត​ចេះ​តែ​ភូត‌កុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ​ហើយ​កំជិល សេចក្ដី​បន្ទាល់​នេះ​ត្រូវ​ណាស់ ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រុឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ត្រឹម‌ត្រូវ​វិញ ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្ដី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ គ្រប់​ទាំង​អស់​ជា​ស្អាត​ដល់​អ្នក​ណា​ដែល​ស្អាត តែ​គ្មាន​អ្វី​ស្អាត​សោះ ដល់​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ​វិញ​នោះ​ឡើយ គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​បញ្ញា​ចិត្ត​ដែរ គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹង‌ចចេស គឺ​ជា​មនុស្ស​ឥត​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់។

ចែក​រំលែក
អាន ទីតុស 1