បទចម្រៀង 8:1-7
បទចម្រៀង 8:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបើទ្រង់ជាប្អូនប្រុសរបស់ខ្ញុំម្ចាស់ ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ ប្រសិនបើខ្ញុំម្ចាស់បានជួបទ្រង់នៅខាងក្រៅ ខ្ញុំម្ចាស់មុខជាថើបទ្រង់ ហើយឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ឡើយ។ ខ្ញុំម្ចាស់នឹងនាំទ្រង់ចូលទៅ ក្នុងផ្ទះម្តាយរបស់ខ្ញុំម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់អ្នក ដែលបានបង្កើតខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ។ ព្រះហស្តឆ្វេងរបស់ទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់ ហើយព្រះហស្តស្តាំនឹងឱបខ្ញុំម្ចាស់ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា នាងទាំងឡាយមិនអង្រួន ឬដាស់ស្ងួនសម្លាញ់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។ តើនាងណាដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសម្លាញ់របស់នាងដូច្នេះ? យើងបានបណ្ដាលឲ្យឯងមាន សេចក្ដីស្រឡាញ់នៅក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសម្រាល ជាទីដែលអ្នកឈឺនឹងសម្រាលបានបង្កើតឯងមក។ ៙ សូមផ្ដិតខ្ញុំម្ចាស់និត្យនៅ ព្រះហឫទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយចំហួលនៃសេចក្ដីនោះក៏ជាចំហួលនៃភ្លើង ជាអណ្ដាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ។ ទឹកច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់ សេចក្ដីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិ នៅផ្ទះខ្លួនអស់រលីង ដើម្បីឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយវិញ។
បទចម្រៀង 8:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបងជាបងប្រុសរបស់អូន ដែលបៅដោះម្ដាយរបស់អូន នោះអូនមុខជាចេញមកជួបបងនៅខាងក្រៅ អូនមុខជាឱបថើបបង ហើយគ្មាននរណាមើលងាយអូនឡើយ។ អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។ ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាងថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។ តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា? អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលមាតារបស់បងមានគភ៌ ហើយបង្កើតបងមក។ សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាបឆេះ ដូចភ្លើងរបស់ព្រះអម្ចាស់។ មហាសាគរពុំអាចពន្លត់ភ្លើង នៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដី ស្នេហាបានដែរ ផ្ទុយទៅវិញ អ្នកណាយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា អ្នកនោះជាមនុស្សគួរឲ្យមើលងាយ។
បទចម្រៀង 8:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅអេះ ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ ដូច្នេះ កាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅ នោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបាន ឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផង ខ្ញុំនឹងនាំទ្រង់ចូលទៅក្នុងផ្ទះម្ដាយរបស់ខ្ញុំម្ចាស់ ម្តាយនឹងបង្រៀនដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ នោះព្រះហស្តឆ្វេងទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់ ហើយព្រះហស្តស្តាំនឹងឱបខ្ញុំម្ចាស់ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។ ៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។ ៙ អញបានបណ្តាលឲ្យឯងមានសេចក្ដីស្រឡាញ់នៅ ក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសំរាល ជាទីដែលអ្នកឈឺនឹងសំរាលបានបង្កើតឯងមក។ ៙ សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកំឡាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយជំហួលនៃសេចក្ដីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្ដី ស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់ រលីងឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយ ទទេៗវិញ។