បទចម្រៀង 7:1-9

បទចម្រៀង 7:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយ ជើង​នាង​ល្អ​ណាស់​ហ្ន៎ ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះ ត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូង ជា​ស្នាដៃ​នៃ​ជាង​ច្នៃ​យ៉ាង​ជំនាញ ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ​សាលី មាន​ផ្កា​កំភ្លឹង​ដោត​ជុំ‌វិញ ដោះ​នាង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្ដេច​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។ ៙ ឱ​មាស​សម្លាញ់​អើយ អូន​ស្រស់‌បស់​ល្អ ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎ រូប​រាង​របស់​អូន​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​អូន​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ។ យើង​បាន​ថា យើង​នឹង​ឡើង​ដើម​នោះ យើង​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​អូន​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី ការ​ថើប​របស់​អូន​ប្រៀប​ដូច​ជា ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក ដែល​ហូរ​ចុះ​មក​ដោយ​ស្រួល ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស ដេក​លក់​បាន​និយាយ​ឡើង។

ចែក​រំលែក
អាន បទចម្រៀង 7

បទចម្រៀង 7:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ចាស់‌ក្សត្រិយ៍​អើយ អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់! ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ដ៏​ចំណាន។ ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជានិច្ច។ ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ។ សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ របស់​ប្រើស។ ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។ ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង នៅ​ក្រុង​ហេស‌បូន ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីម ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់ ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។ ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន ដូច​ភ្នំ​កើមែល។ សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ​នឹង ផ្នួង​សក់​របស់​អូន​ណាស់។ គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ អូន​ល្អ​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ណាស់។ រូប​រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់ សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។ បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ ដើម្បី​បេះ​ផ្លែ​របស់​វា។ សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង ចង្កោម​ទំពាំង‌បាយជូរ ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប ដូច​ផ្លែ​ចន្ទន៍។ មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំង‌បាយជូរ យ៉ាង​ឆ្ងាញ់!

ចែក​រំលែក
អាន បទចម្រៀង 7

បទចម្រៀង 7:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយ ជើង​នាង​ល្អ​ណាស់​ហ្ន៎ ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះ ត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូង ជា​ស្នាដៃ​នៃ​ជាង​ឆ្នៃ​យ៉ាង​ជំនាញ ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ‌សាលី មាន​ផ្កា​កំភ្លឹង​ដោត​ជុំវិញ ដោះ​នាង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ ដែល​ជា​កូន​ភ្លោះ​របស់​មេ​១ ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្តេច​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។ ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎ កំពស់​ឯង​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​ឯង​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ អញ​បាន​ថា អញ​នឹង​ឡើង​ដើម​នោះ អញ​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​ឯង​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី នឹង​មាត់​ឯង​ក្រអូប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក ដែល​ហូរ​ចុះ​ទៅ​ដោយ​ស្រួល សំរាប់​មាស​សំឡាញ់​អញ ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស​ដេក​លក់​បាន​និយាយ​ឡើង។

ចែក​រំលែក
អាន បទចម្រៀង 7