បទចម្រៀង 6:1-13
បទចម្រៀង 6:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសម្លាញ់របស់នាងបានទៅឯណា ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនាងផង តើស្ងួនសម្លាញ់របស់នាងបានទៅឯណា។ ៙ ស្ងួនសម្លាញ់របស់ខ្ញុំបានចុះទៅ ឯសួនច្បាររបស់ព្រះអង្គ គឺទៅឯទីដាំគ្រឿងក្រអូប ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង ខ្ញុំជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ ហើយទ្រង់ជារបស់ផងខ្ញុំដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។ ៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង។ ចូរបែរភ្នែកចេញពីយើងទៅ ដ្បិតភ្នែកឯងឈ្នះយើងហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត។ ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ។ តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹមមួយចំហៀង។ មានភរិយាចំនួនហុកសិបនាក់ នឹងអ្នកម្នាងប៉ែតសិបនាក់ ក៏មានស្រីក្រមុំៗឥតគណនា។ ប៉ុន្តែ មានតែមួយទេដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់ខ្ញុំ នាងជាកូនពន្លករបស់ម្តាយ ជាកូនសម្លាញ់របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ ព្រមទាំងពួកភរិយា និងអ្នកម្នាង ក៏សសើរនាងដែរ។ ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ? ៙ ខ្ញុំបានចុះទៅឯចម្ការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង។ រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថ នៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។ ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំបានមើលនាងផង។ ៙ ហេតុអ្វីបានជាអ្នករាល់គ្នា ចង់មើលនាងសាសន៍ស៊ូឡាម ដូចជាមើលការរាំរបាំនៅមុខទ័ពពីរកងទៅវិញ?
បទចម្រៀង 6:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងទៅទីណា? តើគាត់តម្រង់ទៅទិសណា? យើងស្វែងរកគាត់ជាមួយនាងដែរ។ ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុង សួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាល ដែលមានពេញដោយផ្កាសាយគន្ធពិដោរ។ គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ ព្រមទាំងបេះផ្កាក្រវាន់ផង។ ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។ ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ គឺស្អាតដូចក្រុងធើសា ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។ ចូរកុំសម្លឹងមើលមកបងដូច្នេះ ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ ចុះពីភ្នំនៅស្រុកកាឡាត។ ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ នៅពីក្រោយស្បៃ ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។ ស្ដេចមានមហេសីហុកសិបនាក់ មានស្រីស្នំប៉ែតសិបនាក់ ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា ក៏ប៉ុន្តែ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពួកយុវនារីឃើញនាង ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ មានរូបឆោមល្អដូចព្រះច័ន្ទ មានពន្លឺរស្មីដូចព្រះអាទិត្យ ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ ជានរណា? ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។ ខ្ញុំភាន់ភាំងស្មារតី ទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដី ក៏ខ្ញុំលែងយល់អ្វីទាំងអស់។ ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ?
បទចម្រៀង 6:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសំឡាញ់របស់នាងបានទៅឯណា ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនឹងនាងផង តើស្ងួនសំឡាញ់របស់នាងបានបែរទៅខាងណា។ ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់ គឺទៅឯទីដាំគ្រឿងក្រអូប ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់ ជារបស់ផងខ្ញុំដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។ ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹម១ចំហៀង មានពួកភរិយា៦០នាក់ នឹងអ្នកម្នាង៨០នាក់ ក៏មានស្រីក្រមុំៗឥតគណនា ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់ របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ អើ ព្រមទាំងពួកភរិយានឹងពួកអ្នកម្នាង ក៏សរសើរនាងដែរ។ ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។ ៙ ខ្ញុំបានចុះទៅឯចំការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។ ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំ បានមើលនាងផង។