បទចម្រៀង 4:1-16
បទចម្រៀង 4:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មាសសម្លាញ់អើយ អូនស្អាតណាស់ មើល៍ អូនជាស្រីស្រស់ស្អាតណាស់ ភ្នែកអូនដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់មានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ នៅស្រុកកាឡាត។ ធ្មេញដូចជាហ្វូងចៀមដែលទើបកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹមមួយចំហៀង។ កឯងដូចជាប៉មរបស់ព្រះបាទដាវីឌ ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែលមួយពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ ដោះឯងទាំងពីរដូចជាកូនក្តាន់ពីរ ដែលជាកូនភ្លោះរបស់មេមួយ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។ ៙ យើងនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។ ៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូន ជាមួយយើងចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ និងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តយើងទៅហើយ ឯងបានចាប់យកដួងចិត្តយើងដោយកែវភ្នែក និងដោយសារខ្សែករបស់ឯងតែមួយប៉ុណ្ណោះ។ ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាងល្អវិសេសណាស់។ សេចក្ដីស្រឡាញ់របស់ឯង ឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯង ក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯង ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន ប្អូនជាប្រពន្ធរបស់យើង ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូល ជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់ ត្រួយឯងជាចម្ការទទឹម មានផ្លែដ៏វិសេស ក៏មានដើមក្រពេន និងដើមទេព្វិរូ គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មាន ដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរ និងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់ ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូងមានទឹករស់ ជាទឹកជ្រោះហូរមកពីភ្នំល្បាណូន។ ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូបសាយចេញទៅ សូមឲ្យស្ងួនសម្លាញ់របស់ខ្ញុំ ចូលមកក្នុងសួនច្បាររបស់ទ្រង់ ហើយសោយផលដ៏មានឱជារស របស់ទ្រង់ចុះ។
បទចម្រៀង 4:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។ ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ក្រហម មាត់របស់អូនស្អាតណាស់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។ ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។ សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។ ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។ សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។ អូនស្រីសម្លាញ់ចិត្តបងអើយ អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ ដោយសារកែវភ្នែករបស់អូន និងដោយសារលំអខ្សែកតែមួយរបស់អូន អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។ អូនស្រីសម្លាញ់ចិត្តបងអើយ សេចក្ដីស្រឡាញ់របស់អូនទន់ភ្លន់ណាស់ សេចក្ដីស្រឡាញ់របស់អូន ប្រសើរជាង ស្រាទំពាំងបាយជូរ ហើយក្លិនរបស់អូន ក្រអូបជាងគ្រឿងក្រអូប ទាំងប៉ុន្មានទៅទៀត។ សម្លាញ់ចិត្តបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កា នៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅស្រុកលីបង់។ អូនស្រីសម្លាញ់ចិត្តបងអើយ អូនជាសួនឧទ្យានតែមួយគត់របស់បង អូនជាអណ្ដូងទឹករបស់បង និងជាប្រភពទឹករបស់បង។ ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់ ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។ ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ ដើមទេព្វិរូ និងរមៀត ដើមចំប៉ី និងដើមសម្បុរល្វែង ព្រមទាំងដើមឈើទាំងអស់សម្រាប់ធ្វើគ្រឿងក្រអូប ជ័រល្វីងទេស ក្រស្នា និងឈើក្រអូបដ៏វិសេស គ្រប់យ៉ាង។ អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន អូនជាអណ្ដូងផ្ដល់ទឹករស់ និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។ ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប! សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!
បទចម្រៀង 4:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎ មើល ឯងជាស្រីស្រស់បស់ល្អ ភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ កាឡាត ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម ១ចំហៀង កឯងដូចជាប៉មនៃស្តេចដាវីឌ ដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែល១ពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ ដោះឯងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។ ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។ ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តអញទៅហើយ ឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង ល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប ទាំងឡាយ ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំនឹងទឹកដោះគោនៅក្រោមអណ្តាតឯង ហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូប នៃព្រៃល្បាណូន ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារ ដែលរាំងផ្លូវចូល ជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់ ត្រួយឯងជាចំការទទឹម មានផ្លែដ៏វិសេស ក៏មានដើមក្រពេន នឹងដើមទេព្វិរូ គឺទេព្វិរូនឹងរមៀត ដើមកន្ធាយហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរ នឹងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាង សំខាន់ទាំងអស់ ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូង មានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។ ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។