បទចម្រៀង 3:1-5
បទចម្រៀង 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលយប់ នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តខ្ញុំ ខ្ញុំខំស្វែងរក ប៉ុន្តែ រកគាត់មិនឃើញសោះ ខ្ញុំស្រែកហៅគាត់ តែគាត់មិនឆ្លើយ ។ ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ខ្ញុំស្វែងរកម្ចាស់ដួងចិត្ត ខ្ញុំស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន នៅតាមទីធ្លា ខ្ញុំខំស្វែងរក ប៉ុន្តែ មិនឃើញគាត់សោះ ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា «តើអ្នករាល់គ្នាបានឃើញម្ចាស់ដួងចិត្ត ដែលខ្ញុំស្រឡាញ់ឬទេ?» ខ្ញុំបានដើរហួសពីគេបន្តិច ស្រាប់តែខ្ញុំជួបម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំបានឱបគាត់ជាប់ មិនព្រមឲ្យគាត់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់ជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែម្ចាស់ចិត្តខ្ញុំយល់ស្រប។
បទចម្រៀង 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលយប់នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញទេ។ ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ នៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ ម្ចាស់ចិត្តរបស់ខ្ញុំទេ?» ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។ ខ្ញុំឱបគាត់ជាប់ ឥតដកដៃឡើយ ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំ ចូលទៅក្នុងបន្ទប់របស់ម្ដាយ ដែលបានបង្កើតខ្ញុំមក។ ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើស ធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
បទចម្រៀង 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅរាត្រីយប់ កំពុងដេកនៅលើដំណេក នោះខ្ញុំក៏ស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុង អញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផង ខ្ញុំក៏ខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែល ដួងចិត្តខ្ញុំស្រឡាញ់ឬទេ ខ្ញុំបានដើរហួសពីគេតែបន្តិចទេ ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។ ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។