បទចម្រៀង 1:1-8
បទចម្រៀង 1:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាចម្រៀងមួយក្នុងចំណោមចម្រៀងទំនុករបស់ស្តេចសាឡូម៉ូន។ សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល ដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រា ទំពាំងបាយជូរទៅទៀត ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។ ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់ យើងនឹងមានអំណរ ហើយរីករាយជាមួយទ្រង់ យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ទ្រង់ នោះត្រឹមត្រូវណាស់។ ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់ ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំ ដ្បិតខ្ញុំបានហាលថ្ងៃហើយ ពួកបងប្អូនប្រុសរបស់ខ្ញុំ ខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ថា ទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់? តើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រី ដែលត្រូវបាំងមុខ នៅជាមួយហ្វូងសត្វ របស់ពួកមិត្តភក្ដិ របស់ព្រះអង្គដូច្នេះ។ ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ មានតែចេញទៅតាមដានជើង របស់ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯង ក្បែរត្រសាលរបស់ពួកគង្វាលចុះ។
បទចម្រៀង 1:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុត តែងឡើងដោយព្រះបាទសាឡូម៉ូន។ សូមបងថើបអូនឲ្យអស់ចិត្តមក ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។ ក្លិនរបស់បងក្រអូបណាស់ ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។ សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។ ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចពន្លានៅស្រុកកេដារ និងដូចកម្រាលព្រំរបស់ព្រះបាទសាឡូម៉ូន។ កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។ បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ របស់ខ្ញុំផ្ទាល់ទេ។ ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម សម្រាកនៅកន្លែងណា? សូមកុំទុកឲ្យអូនដើររកបង នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ! ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
បទចម្រៀង 1:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាចំរៀងដែលប្រសើរបំផុតជាងអស់ទាំង ចំរៀងជាទំនុករបស់ស្តេចសាឡូម៉ូន។ ៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា ទំពាំងបាយជូរ ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់ សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។ (ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់) យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។ ៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំខ្មៅ តែល្អគួរសម ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយ ដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយ ពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចំការទំពាំងបាយជូរ ឯចំការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។ ៙ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសំរាកពេលថ្ងៃត្រង់ ដ្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវ បាំងមុខ នៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿន ទ្រង់ដូច្នេះ។ ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់ ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួក អ្នកគង្វាលចុះ។