នាងរស់ 4:12-22 - Compare All Versions

នាងរស់ 4:12-22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង ពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក តាម​រយៈ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ​បាន​បង្កើត​ឲ្យ​យូដា​ដែរ»។ ដូច្នេះ លោកបូអូស​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ។ ពួក​ស្រ្តី​និយាយ​នឹង​ណា‌អូមី​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មិន​បាន​ទុក​ឲ្យ​អ្នក​ឥត​មាន​សាច់ញាតិ​ជិតដិត​នៅ​ថ្ងៃ​នេះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល! កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក​ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ផង នាង​បាន​បង្កើត​វា​មក»។ ណា‌អូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​មួយ​កើត​មក​ឲ្យ​ណា‌អូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ព្រះបាទដាវីឌ។ នេះ​ហើយ​ជា​ពង្សាវ‌តារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​រ៉ាម រ៉ាម​បង្កើត​អ័មី‌ណា‌ដាប់ អ័មី‌ណា‌ដាប់​បង្កើត​ណា‌សូន ណាសូន​បង្កើត​សាល‌ម៉ូន សាល‌ម៉ូន​បង្កើត​លោកបូអូស លោកបូអូស​បង្កើត​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ។:៚

ចែក​រំលែក
នាងរស់ 4 គកស១៦

នាងរស់ 4:12-22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​លោក​បាន​ដូច​គ្រួសារ​របស់​លោក​ពេរេស ជា​កូន​របស់​លោក​យូដា និង​នាង​តាម៉ារ​ដែរ!»។ លោក​បូអូស​ក៏​យក​នាង​រស់​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ។ ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេ‌ហិម​ពោល​ទៅ​កាន់​នាង​ណាអូមី​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​ចៅ​ប្រុស​មួយ​សម្រាប់​ថែរក្សា​អ្នក!។ សូម​ឲ្យ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បី‌ល្បាញ ក្នុង​ស្រុក​អ៊ីស្រា‌អែល ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែរក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ‌ពីរ​នាក់​ទៅ​ទៀត»។ នាង​ណាអូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។ ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណាអូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ លោក​អូបេដ​នេះ​ហើយ​ដែល​ត្រូវ​ជា​ឪពុក​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។ នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រុន លោក​ហេត‌ស្រុន​បង្កើត​លោក​រ៉ាម លោក​រ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់ លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​បង្កើត​ព្រះ‌បាទ​ដាវីឌ។

ចែក​រំលែក
នាងរស់ 4 គខប

នាងរស់ 4:12-22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង អំពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក ដោយ‌សារ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ បាន​បង្កើត​ឲ្យ​យូដា​ដែរ។ ដូច្នេះ បូអូស​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​នាង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ នោះ​ពួក​ស្រីៗ គេ​និយាយ​នឹង​ន៉ាអូមី​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មិន​បាន​ទុក​អ្នក​ឲ្យ​ឥត​មាន​សាច់‌ញាតិ​ជិត‌ដិត​នៅ​ថ្ងៃ​នោះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​បាន​ល្បី​ទួទៅ​ក្នុង​ពួក​អ៊ីស្រាអែល កូន​នេះ​នឹង​បាន​សំរាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក ន៉ាអូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​១​កើត​មក​ឲ្យ​ន៉ាអូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ដាវីឌ។ នេះ​ហើយ​ជា​ពង្សាវតារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​រ៉ាមៗ​បង្កើត​អ័មី‌ន៉ាដាប់ អ័មី‌ន៉ាដាប់​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន សាល‌ម៉ូន​បង្កើត​បូអូសៗ​បង្កើត​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយៗ​បង្កើត​ដាវីឌ។:៚

ចែក​រំលែក
នាងរស់ 4 ពគប