នាងរស់ 4:1-17
នាងរស់ 4:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកបូអូសបានឡើងទៅអង្គុយនៅត្រង់ទ្វារក្រុង ហើយមើល៍ អ្នកដែលមានច្បាប់នឹងលោះ ដែលលោកបូអូសបាននិយាយប្រាប់នាងរស់ក៏មកដល់។ ដូច្នេះ លោកបូអូសពោលថា៖ «បងអើយ សូមអញ្ជើញមកអង្គុយនៅទីនេះសិន» គាត់ក៏ចូលមកអង្គុយ។ លោកបូអូសបានហៅពួកចាស់ទុំក្នុងក្រុងនោះចំនួនដប់នាក់មកជម្រាបថា៖ «សូមអង្គុយនៅទីនេះចុះ» គេក៏អង្គុយ។ ពេលនោះ លោកមានប្រសាសន៍ទៅកាន់អ្នកដែលមានច្បាប់នឹងលោះនោះថា៖ «ណាអូមី ដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដីមួយក្បាលរបស់អេលីម៉ាលេច ជាសាច់ញាតិរបស់យើង។ ខ្ញុំបានគិតថា ត្រូវជម្រាបឲ្យបងដឹងដែរ ដូច្នេះ សូមបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ និងនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង គ្មានអ្នកណាទៀតមានច្បាប់លោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ» អ្នកនោះឆ្លើយថា៖ «ខ្ញុំព្រមលោះចុះ»។ បន្ទាប់មក លោកបូអូសមានប្រសាសន៍ថា៖ «នៅថ្ងៃណាដែលបងទិញដីនោះពីណាអូមី សូមបងយកនាងរស់សាសន៍ម៉ូអាប់ ជាស្ត្រីមេម៉ាយដែលប្ដីស្លាប់នោះធ្វើជាប្រពន្ធផង ដើម្បីរក្សាឈ្មោះឲ្យអ្នកស្លាប់នោះ នៅជាប់ក្នុងមត៌ករបស់គាត់តទៅ»។ ពេលនោះ អ្នកដែលមានច្បាប់លោះនោះ ឆ្លើយថា៖ «ខ្ញុំមិនអាចលោះបានទេ ក្រែងបាត់មត៌ករបស់ខ្ញុំ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំលោះចុះ ដ្បិតខ្ញុំមិនអាចលោះបានទេ»។ កាលពីដើម នៅស្រុកអ៊ីស្រាអែល អ្នកលោះ ឬអ្នកប្តូររបស់អ្វីមួយ ត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ទុកជាបន្ទាល់ ដើម្បីឲ្យបានសម្រេចការក្នុងស្រុកអ៊ីស្រាអែល។ ដូច្នេះ អ្នកដែលមានច្បាប់នឹងលោះនោះ ក៏ពោលទៅកាន់លោកបូអូសថា៖ «ចូរទិញដីនោះសម្រាប់ខ្លួនអ្នកចុះ» រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ។ នោះលោកបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា៖ «នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន និងម៉ាឡូនពីណាអូមីហើយ មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមត៌កគាត់ឡើងវិញ ដើម្បីកុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ នៅថ្ងៃនេះ អ្នករាល់គ្នាជាសាក្សីស្រាប់ហើយ»។ ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា៖ «យើងទាំងអស់គ្នាជាសាក្សីស្រាប់ សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំងពីរនោះបានបង្កើតគ្រួសារអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើង ក្នុងស្រុកអេប្រាតា ហើយមានឈ្មោះល្បីក្នុងក្រុងបេថ្លេហិមផង សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង ពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក តាមរយៈស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារបានបង្កើតឲ្យយូដាដែរ»។ ដូច្នេះ លោកបូអូសបានយកនាងរស់ធ្វើជាប្រពន្ធ ហើយព្រះយេហូវ៉ាប្រោសឲ្យនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។ ពួកស្រ្តីនិយាយនឹងណាអូមីថា៖ «សូមឲ្យព្រះយេហូវ៉ា ដែលព្រះអង្គមិនបានទុកឲ្យអ្នកឥតមានសាច់ញាតិជិតដិតនៅថ្ងៃនេះ បានប្រកបដោយព្រះពរ សូមឲ្យលោកមានឈ្មោះល្បីល្បាញក្នុងស្រុកអ៊ីស្រាអែល! កូននេះនឹងបានសម្រាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នកក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុសប្រាំពីរនាក់ផង នាងបានបង្កើតវាមក»។ ណាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុសមួយកើតមកឲ្យណាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកព្រះបាទដាវីឌ។
នាងរស់ 4:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។ លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ លោកមានប្រសាសន៍ទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។ ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។ លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ ជាសាសន៍ម៉ូអាប់ ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។ បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។ កាលពីដើមនៅស្រុកអ៊ីស្រាអែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅឲ្យម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។ ហេតុនេះហើយបានជានៅពេលបុរសនោះពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។ លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។ ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះ អស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។ ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានសម្បត្តិស្ដុកស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។ សូមព្រះអម្ចាស់ប្រទានឲ្យលោក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារលោកបានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។ លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក ព្រះអម្ចាស់បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ។ ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នកមានចៅប្រុសមួយសម្រាប់ថែរក្សាអ្នក!។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីល្បាញ ក្នុងស្រុកអ៊ីស្រាអែល ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។ នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។ ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ លោកអូបេដនេះហើយដែលត្រូវជាឪពុកលោកអ៊ីសាយ ហើយលោកអ៊ីសាយជាបិតារបស់ព្រះបាទដាវីឌ។
នាងរស់ 4:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯបូអូស លោកឡើងទៅអង្គុយនៅត្រង់ទ្វារទីក្រុង លំដាប់នោះសាច់ញាតិជិតដិត ដែលបូអូសបាននិយាយនោះ គាត់ក៏មកដល់ បូអូសហៅថា នែ បងអើយ សូមបែរមកអង្គុយនៅទីនេះសិន ដូច្នេះ គាត់ក៏បែរចូលមកអង្គុយ ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជំរាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ រួចលោកនិយាយទៅសាច់ញាតិជិតដិតនោះថា ន៉ាអូមី ដែលបានវិលត្រឡប់មក ពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដី១ក្បាលរបស់អេលីម៉ាលេច ជាបងប្អូនយើង ហើយខ្ញុំបានគិតថា ត្រូវជំរាបឲ្យបងដឹងដែរ ដូច្នេះសូមឲ្យបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ ហើយនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង នោះគ្មានអ្នកណាទៀតមានច្បាប់នឹងលោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ អ្នកនោះឆ្លើយឡើងថា ខ្ញុំព្រមលោះដែរ បូអូសជំរាបថា នៅថ្ងៃណាដែលបងទិញដីនោះពីន៉ាអូមី នោះត្រូវទិញពីនាងរស់ ជាសាសន៍ម៉ូអាប់ ប្រពន្ធរបស់បងប្អូនយើង ដែលស្លាប់នោះដែរ ដើម្បីនឹងបង្កើតឈ្មោះអ្នកនោះ នៅក្នុងមរដកគាត់ឡើងវិញ អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសំរាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំ នឹងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។ រីឯនៅស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ ឬប្តូរ ដើម្បីនឹងសំរេចគ្រប់ទាំងការ នោះត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ការយ៉ាងនោះទុកជាទីបន្ទាល់ ឲ្យបានសំរេចការក្នុងស្រុកអ៊ីស្រាអែល ដូច្នេះអ្នកដែលមានច្បាប់លោះនោះ ក៏និយាយទៅបូអូសថា ចូរទិញដីនោះសំរាប់ខ្លួនអ្នកចុះ រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំ នឹងមនុស្សទាំងនោះថា នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច នឹងរបស់គីលីយ៉ុន ហើយម៉ាឡូនពីន៉ាអូមីហើយ មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន នឹងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង នឹងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល នឹងនាងលេអា ដែលទាំង២នោះបានបង្កើតពួកគ្រួអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចំរើនឡើងក្នុងស្រុកអេប្រាតា ហើយមានល្បីឈ្មោះក្នុងក្រុងបេថ្លេហិមផង សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។ ដូច្នេះ បូអូសបានយកនាងរស់ធ្វើជាប្រពន្ធ ក៏ចូលទៅឯនាង ហើយព្រះយេហូវ៉ាទ្រង់ប្រោសឲ្យនាងមានទំងន់បង្កើតបានកូនប្រុស១ នោះពួកស្រីៗ គេនិយាយនឹងន៉ាអូមីថា សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់មិនបានទុកអ្នកឲ្យឥតមានសាច់ញាតិជិតដិតនៅថ្ងៃនោះ បានប្រកបដោយព្រះពរ សូមឲ្យលោកបានល្បីទួទៅក្នុងពួកអ៊ីស្រាអែល កូននេះនឹងបានសំរាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក ន៉ាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ។