នាងរស់ 3:12-18 - Compare All Versions

នាងរស់ 3:12-18 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែរក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។ យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។ នាង​រស់​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​ឲ្យ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ​ឲ្យ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​ឲ្យ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។ ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​ក្មេក​សួរ​ថា៖ «យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​កូន?»។ នាង​រស់​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​នាង។ នាង​បញ្ជាក់​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មួយ​តៅ​មក​កូន ទាំង​ពោល​ថា នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដៃ​ទទេ​ឡើយ!»។ នាង​ណាអូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់‌ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា​ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិត‌គូរ​រហូត​ទាល់​តែ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ជា​ពុំ‌ខាន»។

ចែក​រំលែក
នាងរស់ 3 គខប

នាងរស់ 3:12-18 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​ខ្ញុំៗ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សំរេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សំរេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សំរេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។ នាង​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក ទាល់​តែ​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​ស្ត្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ រួច​លោក​ប្រាប់​ថា ចូរ​យក​ក្រមា​ដែល​នាង​បង់​នោះ មក​ត្រដាង​កាន់​ទៅ នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ឱក​៦​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ កាល​បាន​មក​ដល់​ម្តាយ​ក្មេក នោះ​គាត់​សួរ​ថា តើ​ឯង​ឬ​អី កូន​អើយ នាង​ក៏​រៀប‌រាប់​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បាន​ប្រព្រឹត្ត​ដល់​នាង ហើយ​នាង​និយាយ​ថា លោក​ឲ្យ​ស្រូវ​ឱក​មក​ខ្ញុំ​៦​រង្វាល់​នេះ ដោយ​ពាក្យ​ថា កុំ​ឲ្យ​នាង​ត្រឡប់​ទៅ​ឯ​ម្តាយ​ក្មេក​វិញ​ដោយ​ដៃ​ទទេ​ឡើយ ដូច្នេះ​ន៉ាអូមី​ប្រាប់​ថា កូន​អើយ ចូរ​ឯង​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​ឈប់​ខាន​ទេ ទាល់​តែ​បាន​បង្ហើយ​ការ​នោះ​ជា​ស្រេច។

ចែក​រំលែក
នាងរស់ 3 ពគប

នាងរស់ 3:12-18 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ខ្ញុំ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត ដូច្នេះ ចូរ​សម្រាក​នៅ​យប់​នេះ​សិន ចាំ​ព្រឹក​ឡើង ប្រសិន​បើ​គាត់​ព្រម​លោះ​នាង នោះ​ល្អ​ហើយ ចូរ​ឲ្យ​គាត់​សម្រេច​កិច្ច​ការនេះ​ចុះ តែ​បើ​គាត់​មិន​ព្រម​លោះ​នាង​ទេ នោះ​ខ្ញុំ​នឹង​លោះ​នាង​វិញ ខ្ញុំ​សន្យា​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ»។ នាង​រស់​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក រហូត​ដល់​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា «កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​មនុស្ស​ស្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ»។ លោក​ប្រាប់​ថា៖ «ចូរ​យក​អាវ​ធំ​ដែល​នាង​ពាក់​នោះ មក​ត្រដាង​ទៅ» នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ប្រាំមួយ​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ ពេល​បាន​មក​ដល់​ម្តាយ​ក្មេក នោះ​គាត់​សួរ​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ​កូន? » នាង​ក៏​រៀបរាប់​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ប្រព្រឹត្ត​ដល់​នាង ហើយ​នាង​និយាយ​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មក​ខ្ញុំ​ប្រាំមួយ​រង្វាល់​នេះ ដោយ​និយាយ​ថា "នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ម្តាយ​ក្មេក​វិញ​ដោយ​ដៃ​ទទេ​ឡើយ"»។ ណា‌អូមី​ប្រាប់​ថា៖ «កូន​អើយ ចូរ​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​នៅ​ស្ងៀម​ទេ លោក​នឹង​បង្ហើយ​ការ​នេះ​ជា​មិន​ខាន»។

ចែក​រំលែក
នាងរស់ 3 គកស១៦