នាងរស់ 3:10-13

នាងរស់ 3:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​តប​ថា៖ «នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពេល​នេះ នាង​បាន​សម្ដែង​ទឹក​ចិត្ត​សប្បុរស​វិសេស​ជាង​មុន ដោយ​នាង​មិន​បាន​ទៅ​តាម​កំលោះៗ ទោះ​ក្រ ឬ​មាន​ក្ដី។ ឥឡូវ​នេះ សូម​នាង​កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សម្រេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់។ ខ្ញុំ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត ដូច្នេះ ចូរ​សម្រាក​នៅ​យប់​នេះ​សិន ចាំ​ព្រឹក​ឡើង ប្រសិន​បើ​គាត់​ព្រម​លោះ​នាង នោះ​ល្អ​ហើយ ចូរ​ឲ្យ​គាត់​សម្រេច​កិច្ច​ការនេះ​ចុះ តែ​បើ​គាត់​មិន​ព្រម​លោះ​នាង​ទេ នោះ​ខ្ញុំ​នឹង​លោះ​នាង​វិញ ខ្ញុំ​សន្យា​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ»។

ចែក​រំលែក
អាន នាងរស់ 3

នាងរស់ 3:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បូអូស​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្ដី មក​ធ្វើ​ជា​ប្ដី​ទេ។ ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។ ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។ យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។

ចែក​រំលែក
អាន នាងរស់ 3

នាងរស់ 3:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លោក​តប​ថា នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នាង​បាន​សំដែង​ទឹក​ចិត្ត​ដ៏​សប្បុរស នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំឡោះៗ ទោះ​ក្រ ឬ​មាន​ផង ឥឡូវ​នេះ នាង​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សំរេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម‌ត្រូវ​ណាស់ ឯ​ខ្ញុំៗ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សំរេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សំរេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សំរេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។

ចែក​រំលែក
អាន នាងរស់ 3