នាងរស់ 3:1-13

នាងរស់ 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ណា‌អូមី​ជា​ម្តាយ​ក្មេក​និយាយ​ទៅ​នាង​ថា៖ «កូន​អើយ ម្តាយ​គួរ​រក​ទី​សម្រាក​ឲ្យ​កូន​ហើយ ដើម្បី​ឲ្យ​កូន​បាន​សុខសាន្ត លោក​លោកបូអូស ដែល​កូន​បាន​នៅ​ជា​មួយ​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់‌ញាតិ​នឹង​យើង​ហើយ នៅ​យប់​នេះ លោក​នឹង​រោយ​ស្រូវ​នៅ​ទីលាន ដូច្នេះ ចូរ​កូន​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប តែង​ខ្លួន​ចូល​ទៅ​ក្នុង​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​កូន​ឡើយ ទាល់​តែ​លោក​បាន​ស៊ី​ផឹក​ហើយ។ ដល់​ពេល​លោក​ចូល​សម្រាន្ត កូន​ត្រូវ​ចំណាំ​កន្លែង​របស់​លោក រួច​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ នោះ​លោក​នឹង​ប្រាប់​ឲ្យ​កូន​ដឹង​ពី​ការ​ដែល​ត្រូវ​ធ្វើ​ដូច​ម្តេច​ហើយ»។ នាង​រស់​និយាយ​ទៅ​ម្តាយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ម្តាយ​មាន​ប្រសាសន៍»។ ដូច្នេះ នាង​បាន​ចុះ​ទៅ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់។ ពេល​លោក​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្ដាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ។ នៅ​ពេល​ដល់​កណ្ដាល​អធ្រាត្រ លោក​ក៏​នឹក​ខ្លាច ហើយ​ផ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន លោក​សួរ​ថា៖ «តើ​អ្នក​ណា​នេះ?» នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រស់ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ សូម​បណ្តោយ​ផួយ​មក​ដណ្តប់​ឲ្យ​ស្រី​បម្រើ​របស់​លោក​ម្ចាស់​ផង ដ្បិត​លោក​ម្ចាស់​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន»។ លោក​តប​ថា៖ «នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពេល​នេះ នាង​បាន​សម្ដែង​ទឹក​ចិត្ត​សប្បុរស​វិសេស​ជាង​មុន ដោយ​នាង​មិន​បាន​ទៅ​តាម​កំលោះៗ ទោះ​ក្រ ឬ​មាន​ក្ដី។ ឥឡូវ​នេះ សូម​នាង​កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សម្រេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់។ ខ្ញុំ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត ដូច្នេះ ចូរ​សម្រាក​នៅ​យប់​នេះ​សិន ចាំ​ព្រឹក​ឡើង ប្រសិន​បើ​គាត់​ព្រម​លោះ​នាង នោះ​ល្អ​ហើយ ចូរ​ឲ្យ​គាត់​សម្រេច​កិច្ច​ការនេះ​ចុះ តែ​បើ​គាត់​មិន​ព្រម​លោះ​នាង​ទេ នោះ​ខ្ញុំ​នឹង​លោះ​នាង​វិញ ខ្ញុំ​សន្យា​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ»។

ចែក​រំលែក
អាន នាងរស់ 3

នាងរស់ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ នាង​ណាអូមី​ពោល​ទៅ​កាន់​នាង​រស់​ថា៖ «ម៉ែ​ត្រូវ​តែ​រក​អនាគត​ឲ្យ​កូន ដើម្បី​កូន​បាន​សេចក្ដី​សុខ។ លោក​បូអូស​ដែល​កូន​ធ្វើ​ការ​ជា​មួយ​ស្រី​បម្រើ​របស់​គាត់​នោះ ជាប់​សាច់‌ញាតិ​នឹង​យើង​ដែរ។ ល្ងាច​នេះ គាត់​នឹង​ទៅ​បោក​បែន​ស្រូវ​នៅ​លាន។ ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។ ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​ឲ្យ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។ នាង​រស់​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។ នាង​រស់​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។ លោក​បូអូស​ពិសា​ម្ហូប​អាហារ និង​ស្រា​រួច​ហើយ គាត់​ក៏​សប្បាយ​ចិត្ត ទម្រេត​ខ្លួន​សម្រាន្ដ​លក់​នៅ​ជិត​គំនរ​កណ្ដាប់​ស្រូវ។ នាង​រស់​ដើរ​លបៗ​ចូល​មក បើក​ភួយ​នៅ​ចុង​ជើង​របស់​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​លោក​បូអូស​រងា គាត់​ក៏​ប្រែ​ខ្លួន ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ចុង​ជើង​គាត់។ លោក​បូអូស​សួរ​ថា៖ «នរណា​ហ្នឹង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រស់ ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់។ សូម​លោក​ម្ចាស់​មេត្តា​ទទួល​នាង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ទៅ ដ្បិត​លោក​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ខ្ញុំ​ស្រាប់​ហើយ»។ លោក​បូអូស​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្ដី មក​ធ្វើ​ជា​ប្ដី​ទេ។ ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។ ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។ យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។

ចែក​រំលែក
អាន នាងរស់ 3

នាងរស់ 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ន៉ាអូមី​ជា​ម្តាយ​ក្មេក និយាយ​ទៅ​នាង​ថា កូន​អើយ គួរ​ឲ្យ​អញ​រក​ទី​សំរាក​ឲ្យ​ឯង​ដែរ ដើម្បី​ឲ្យ​ឯង​បាន​ស្រួល​វិញ ឯ​បូអូស ដែល​ឯង​បាន​នៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់‌ញាតិ​នឹង​យើង​ហើយ មើល នៅ​យប់​នេះ​ឯង លោក​នឹង​រោយ​ស្រូវ​ឱក​នៅ​ទីលាន ដូច្នេះ ចូរ​ឯង​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប ហើយ​តែង​ខ្លួន​ចូល​ទៅ​ឯ​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​ឯង​ឡើយ ដរាប​ដល់​លោក​បាន​ស៊ី​ផឹក​ហើយ លុះ​ដល់​កាល​ណា​លោក​សំរាន្ត នោះ​ត្រូវ​ឲ្យ​ឯង​កំណត់​ចំណាំ​កន្លែង​របស់​លោក រួច​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ចូល​ដេក​ទៅ នោះ​លោក​នឹង​ប្រាប់​ឲ្យ​ឯង​ដឹង​ពី​ការ​ដែល​ត្រូវ​ធ្វើ​ដូច​ម្តេច នាង​ក៏​ជំរាប​គាត់​ថា ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ម្តាយ​មាន​ប្រសាសន៍​មក​នោះ។ នាង​ក៏​ចុះ​ទៅ​ឯ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់​មក កាល​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្តាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ លុះ​ដល់​ពេល​កណ្តាល​អធ្រាត្រ នោះ​លោក​ក៏​នឹក​ខ្លាច ហើយ​ភ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន លោក​សួរ​ថា​អ្នក​ណា​នេះ នាង​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន លោក​តប​ថា នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នាង​បាន​សំដែង​ទឹក​ចិត្ត​ដ៏​សប្បុរស នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំឡោះៗ ទោះ​ក្រ ឬ​មាន​ផង ឥឡូវ​នេះ នាង​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សំរេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម‌ត្រូវ​ណាស់ ឯ​ខ្ញុំៗ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សំរេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សំរេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សំរេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។

ចែក​រំលែក
អាន នាងរស់ 3