នាងរស់ 2:5-17
នាងរស់ 2:5-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចលោកបូអូសសួរទៅអ្នកបម្រើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចម្រូតនោះថា៖ «នាងនេះជាកូនអ្នកណា?» អ្នកបម្រើនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយណាអូមី។ នាងបានសូមយើងខ្ញុំថា "សូមឲ្យខ្ញុំរើសសន្សំតាមគំនរកណ្ដាប់ពីក្រោយពួកអ្នកច្រូតផង"។ ដូច្នេះ នាងក៏បានមកឈររង់ចាំតាំងពីព្រលឹម រហូតមកទល់ពេលនេះ ហើយនាងទៅសម្រាកក្នុងរោងតែមួយភ្លែតប៉ុណ្ណោះ»។ ដូច្នេះ លោកបូអូសប្រាប់នាងរស់ថា៖ «ចូរស្តាប់ខ្ញុំ នាងអើយ នាងកុំចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែណាផ្សេងទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ។ ចូរឲ្យភ្នែកនាងមើលតែស្រែដែលពួកនេះកំពុងច្រូត ហើយដើរតាមគេទៅ ខ្ញុំបានហាមកំលោះៗ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ចូរទៅរកក្អម ហើយផឹកទឹកដែលកំលោះៗបានដងហើយចុះ»។ នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា៖ «ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ?» លោកបូអូសឆ្លើយទៅនាងថា៖ «គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក ក្រោយពីប្តីនាងស្លាប់ទៅ ហើយពីការដែលនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកក្នុងសាសន៍នេះ ដែលនាងមិនស្គាល់ពីមុនមកផង។ សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបព្រះអង្គចុះ»។ នាងរស់និយាយថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនដូចជាពួកស្រីបម្រើរបស់លោកណាម្នាក់ក៏ដោយ តែលោកបានកម្សាន្តចិត្តខ្ញុំ ព្រមទាំងនិយាយរកខ្ញុំជាអ្នកបម្រើលោកដោយសប្បុរសដែរ»។ ដល់ពេលបរិភោគអាហារ លោកបូអូសប្រាប់នាងថា៖ «អញ្ជើញមកហូបនំបុ័ង ហើយជ្រលក់អាហារទៅក្នុងទឹកជ្រលក់នេះចុះ» នាងក៏អង្គុយនៅខាងពួកអ្នកច្រូត ហើយគេក៏ហុចលាជមកឲ្យនាងដែរ នាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ។ ពេលនាងបានក្រោកទៅរើស ហើយលោកបូអូសប្រាប់ពួកកំលោះៗរបស់លោកថា៖ «ចូរឲ្យនាងរើសយកចុះ សូម្បីតែក្នុងគំនរកណ្ដាប់ស្រូវ កុំបន្ទោសនាងអី ហើយហូតគួរខ្លះពីកណ្ដាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ»។ ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែនស្រូវដែលបានរើសនោះ បានស្រូវប្រហែលជាមួយថាំង។
នាងរស់ 2:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកបូអូសសួរអ្នកបម្រើរបស់លោក ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។ បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។ នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹមរហូតមកទល់ពេលនេះ ហើយនាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់ប៉ុណ្ណោះ»។ ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្ដាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបម្រើរបស់ខ្ញុំទាំងនេះចុះ! ចូរឃ្លាំមើល បើឃើញគេទៅកន្លែងណា ចូរដើរតាមគេទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យប៉ះពាល់នាងឡើយ។ បើនាងស្រេក ចូរទៅពិសាទឹកក្នុងក្អម ដែលពួកអ្នកបម្រើរបស់ខ្ញុំដងទុកនោះទៅ!»។ ពេលនោះ នាងរស់ក៏ក្រាបចុះឱនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏លោកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។ លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់អំពីការទាំងប៉ុន្មាន ដែលនាងបានប្រព្រឹត្តចំពោះម្ដាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្ដាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។ សូមព្រះអម្ចាស់តបស្នងមកនាងវិញ ស្របតាមការដែលនាងបានប្រព្រឹត្ត សូមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ប្រទានរង្វាន់មកនាងយ៉ាងបរិបូណ៌ ព្រោះនាងបានមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ»។ នាងរស់តបវិញថា៖ «លោកម្ចាស់មានចិត្តសប្បុរសមកលើនាងខ្ញុំជាពន់ពេក ទោះបីនាងខ្ញុំមានឋានៈទាបជាងស្រីបម្រើរបស់លោកក្ដី ក៏លោកមានប្រសាសន៍សម្រាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំដែរ»។ នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់នំប៉័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជឲ្យនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។ បន្ទាប់មក នាងក្រោកឡើងទៅរើសស្រូវទៀត។ ពេលនោះ លោកបូអូសបានបញ្ជាដល់អ្នកបម្រើរបស់លោកថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងមានកណ្ដាប់ផង កុំរារាំងនាងអី!។ ចូរទម្លាក់កួរស្រូវខ្លះចេញពីកណ្ដាប់ឲ្យនាងរើសផង កុំស្ដីបន្ទោសនាងឡើយ!»។ នាងរស់រើសកួរស្រូវរហូតដល់ល្ងាច រួចនាងបោកបែនកួរស្រូវនោះបានជិតមួយថាំង។
នាងរស់ 2:5-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចបូអូសសួរទៅអ្នកបំរើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចំរូតនោះថា នាងនេះជាកូនអ្នកណា អ្នកបំរើនោះឆ្លើយថា នោះគឺជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយនឹងន៉ាអូមី នាងក៏សូមដល់យើងខ្ញុំថា សូមឲ្យខ្ញុំរើសសន្សំតាមពួកអ្នកចំរូតផង ដូច្នេះនាងបានមក ហើយបាននៅតាំងតែពីព្រលឹមរហូតដល់ពេលនេះ លើកតែកាលនាងសំរាកនៅផ្ទះ១ភ្លែតប៉ុណ្ណោះ។ ដូច្នេះបូអូសប្រាប់នាងរស់ថា ចូរស្តាប់ខ្ញុំ នាងអើយ កុំឲ្យនាងចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែឯណាទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ ចូរឲ្យភ្នែកនាងមើលតែស្រែដែលពួកនេះកំពុងច្រូត ហើយដើរតាមគេចុះ ខ្ញុំបានហាមដល់ពួកកំឡោះ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ឲ្យទៅឯក្អម ផឹកទឹកដែលពួកកំឡោះបានដងហើយចុះ នោះនាងក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ បូអូសឆ្លើយទៅនាងថា គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្ដីនាងស្លាប់ចោលទៅ ហើយពីនាងបានលះចោលឪពុកម្តាយ នឹងស្រុកកំណើតរបស់នាង មកឯសាសន៍នេះ ដែលមិនបានស្គាល់កាលពីដើមផង សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ រួចនាងនិយាយថា ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនមែនដូចជាពួកស្រីបំរើរបស់លោកណាមួយក៏ដោយ គង់តែលោកបានកំសាន្តចិត្តខ្ញុំហើយ ព្រមទាំងនិយាយនឹងខ្ញុំជាអ្នកបំរើលោក ដោយសប្បុរសដែរ។ លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចំរូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ កាលនាងបានក្រោកឡើងទៅរើសទៀត នោះបូអូសប្រាប់ដល់ពួកកំឡោះរបស់គាត់ថា ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ។ ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែងស្រូវដែលបានរើសនោះ បានស្រូវឱកប្រហែលជា១ថាំង