នាងរស់ 2:17-23
នាងរស់ 2:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែនស្រូវដែលបានរើសនោះ បានស្រូវប្រហែលជាមួយថាំង។ នាងលើកទូលយកទៅទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចម្អែត ជូនដល់ម្តាយក្មេក។ គាត់ក៏សួរនាងថា៖ «នៅថ្ងៃនេះ កូនបានរើសសន្សំនៅទីណា? តើកូនបានធ្វើការនៅកន្លែងណា? សូមឲ្យមានព្រះពរដល់អ្នកណាដែលបានអាណិតមេត្តាដល់កូន» ដូច្នេះ នាងក៏រៀបរាប់ប្រាប់ម្តាយក្មេក ពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា៖ «អ្នកដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ លោកបូអូស»។ នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។ នាងរស់ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា៖ «ចាស៎ លោកមានប្រសាសន៍នឹងខ្ញុំដែរថា "នាងត្រូវនៅជាប់នឹងពួកអ្នកបម្រើរបស់ខ្ញុំនេះ រហូតដល់ច្រូតចម្រូតទាំងប៉ុន្មានរបស់ខ្ញុំហើយ"»។ ណាអូមីនិយាយទៅនាងរស់ ជាកូនប្រសាថា៖ «កូនអើយ បើកូនចេញទៅជាមួយពួកស្រីរបស់លោក នោះស្រួលហើយ មិនចាំបាច់ទៅស្រែណាផ្សេងទៀតទេ ក្រែងគេធ្វើបាប»។ ដូច្នេះ នាងក៏នៅជាប់ជាមួយពួកស្រីៗរបស់លោកបូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូតស្រូវ និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយម្តាយក្មេក។
នាងរស់ 2:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងរស់រើសកួរស្រូវរហូតដល់ល្ងាច រួចនាងបោកបែនកួរស្រូវនោះបានជិតមួយថាំង។ នាងក៏ទូលស្រូវត្រឡប់មកភូមិ បង្ហាញឲ្យម្ដាយក្មេកឃើញ ព្រមទាំងយកអាហារដែលសល់ពីពេលបាយមកជូនគាត់ផងដែរ។ ម្ដាយក្មេកសួរនាងថា៖ «ថ្ងៃនេះ កូនរើសស្រូវនៅកន្លែងណា ក្នុងស្រែអ្នកណា? សូមព្រះអម្ចាស់ប្រទានពរដល់អ្នកដែលមានចិត្តមេត្តាចំពោះកូន!»។ នាងរស់បានរៀបរាប់ប្រាប់ម្ដាយក្មេកថា នាងទៅរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស។ នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។ នាងរស់ ជាសាសន៍ម៉ូអាប់ ពោលថា៖ «គាត់បានប្រាប់កូនឲ្យនៅរើសស្រូវជាមួយអ្នកបម្រើរបស់គាត់ រហូតទាល់តែផុតរដូវចម្រូត»។ នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។ នាងរស់នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូស រហូតទាល់តែផុតរដូវចម្រូត។ នាងរស់ រស់នៅជាមួយម្ដាយក្មេកតទៅទៀត។
នាងរស់ 2:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែងស្រូវដែលបានរើសនោះ បានស្រូវឱកប្រហែលជា១ថាំង នាងលើកទូលនាំយកទៅឯទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចំអែត ជូនដល់ម្តាយក្មេក គាត់ក៏សួរនាងថា នៅថ្ងៃនេះ ឯងបានរើសសន្សំនៅទីណា តើឯងបានធ្វើការនៅកន្លែងណា សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង ដូច្នេះនាងក៏រៀបរាប់ប្រាប់ម្តាយក្មេកពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា មនុស្សនោះដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ បូអូស នោះគាត់និយាយទៅកូនប្រសាថា សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង រួចន៉ាអូមីនិយាយថា លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ លោកជាអ្នក១ដែលមានច្បាប់នឹងលោះឲ្យយើងបាន នាងរស់ ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា ចាស លោកមានប្រសាសន៍នឹងខ្ញុំដែរថា ត្រូវឲ្យនាងនៅជាប់តែនឹងពួកកំឡោះរបស់ខ្ញុំនេះ ដរាបដល់ច្រូតចំរូតទាំងប៉ុន្មានរបស់ខ្ញុំហើយ នោះន៉ាអូមីនិយាយទៅនាងរស់ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ ដូច្នេះនាងក៏នៅជាប់ជាមួយនឹងពួកស្រីរបស់បូអូសនោះ ទាំងខំរើសសន្សំទាល់តែចំរូតនៃស្រូវឱក នឹងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយនឹងម្តាយក្មេក។