នាងរស់ 2:1-7
នាងរស់ 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ណាអូមីមានសាច់ញាតិខាងប្តីម្នាក់ ឈ្មោះលោកបូអូស ជាអ្នកមានស្តុកស្តម្ភ នៅក្នុងគ្រួសារអេលីម៉ាលេច។ នាងរស់ជាសាសន៍ម៉ូអាប់និយាយទៅកាន់ណាអូមីថា៖ «ឥឡូវនេះ សូមឲ្យខ្ញុំទៅស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ» រួចគាត់ប្រាប់ថា៖ «ទៅចុះ កូនអើយ» នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែមួយរបស់លោកបូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច។ ឯលោកបូអូសបានមកពីបេថ្លេហិម គាត់និយាយទៅកាន់ពួកអ្នកចម្រូតថា៖ «សូមព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នា» គេឆ្លើយថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់លោក»។ រួចលោកបូអូសសួរទៅអ្នកបម្រើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចម្រូតនោះថា៖ «នាងនេះជាកូនអ្នកណា?» អ្នកបម្រើនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយណាអូមី។ នាងបានសូមយើងខ្ញុំថា "សូមឲ្យខ្ញុំរើសសន្សំតាមគំនរកណ្ដាប់ពីក្រោយពួកអ្នកច្រូតផង"។ ដូច្នេះ នាងក៏បានមកឈររង់ចាំតាំងពីព្រលឹម រហូតមកទល់ពេលនេះ ហើយនាងទៅសម្រាកក្នុងរោងតែមួយភ្លែតប៉ុណ្ណោះ»។
នាងរស់ 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងណាអូមីមានសាច់ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស ជាអ្នកមានកិត្តិយស និងមានសម្បត្តិស្ដុកស្ដម្ភ។ នាងរស់ ជាសាសន៍ម៉ូអាប់ ពោលទៅម្ដាយក្មេកថា៖ «សូមអ្នកម្ដាយឲ្យកូនទៅរើសស្រូវនៅតាមស្រែនានាទៅ គង់តែមានគេអាណិត ទុកឲ្យកូនរើសស្រូវតាមក្រោយពុំខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូន!»។ នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់ញាតិរបស់លោកអេលីម៉ាឡេក។ ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោកដែរ!»។ បន្ទាប់មក លោកបូអូសសួរអ្នកបម្រើរបស់លោក ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។ បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។ នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹមរហូតមកទល់ពេលនេះ ហើយនាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់ប៉ុណ្ណោះ»។
នាងរស់ 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯន៉ាអូមី គាត់មានសាច់ញាតិខាងប្ដីម្នាក់ ឈ្មោះបូអូស ជាអ្នកមានស្តុកស្តម្ភ នៅក្នុងគ្រួសារអេលីម៉ាលេច គ្រានោះ នាងរស់ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែ១របស់បូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច ឯបូអូសគាត់ចេញពីបេថ្លេហិម មកនិយាយនឹងពួកអ្នកចំរូតថា សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នករាល់គ្នា គេឆ្លើយឡើងថា សូមព្រះយេហូវ៉ាប្រទានពរដល់លោក រួចបូអូសសួរទៅអ្នកបំរើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចំរូតនោះថា នាងនេះជាកូនអ្នកណា អ្នកបំរើនោះឆ្លើយថា នោះគឺជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយនឹងន៉ាអូមី នាងក៏សូមដល់យើងខ្ញុំថា សូមឲ្យខ្ញុំរើសសន្សំតាមពួកអ្នកចំរូតផង ដូច្នេះនាងបានមក ហើយបាននៅតាំងតែពីព្រលឹមរហូតដល់ពេលនេះ លើកតែកាលនាងសំរាកនៅផ្ទះ១ភ្លែតប៉ុណ្ណោះ។