នាងរស់ 1:16-22
នាងរស់ 1:16-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។ ពេលណាអូមីឃើញថា នាងតាំងចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំងពីរនាក់ក៏នាំគ្នាទៅដល់បេថ្លេហិម កាលបានចូលទៅក្នុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នាក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា៖ «តើនេះជាណាអូមីមែនឬ?» គាត់ឆ្លើយថា៖ «កុំហៅខ្ញុំថាណាអូមី ឡើយ ត្រូវហៅថាម៉ារ៉ា វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ព្រះអង្គបានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំ ឲ្យត្រឡប់វិលមកដោយទទេ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ណាអូមី ជាអ្នកដែលព្រះយេហូវ៉ា បានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បានធ្វើទុក្ខខ្ញុំដូច្នេះ?» គឺយ៉ាងនោះហើយ ដែលណាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូតស្រូវឱក។
នាងរស់ 1:16-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ នាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរ។ អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។ ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។ ម្ដាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែន ឬមិនមែន?»។ នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា“ណាអូមី”ទៀត ត្រូវហៅខ្ញុំថា“ម៉ារ៉ា”វិញ ដ្បិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។ ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ ព្រះអម្ចាស់បានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី” ទៀត ដ្បិតព្រះអម្ចាស់បានប្រឆាំងនឹងខ្ញុំ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។ បែបដូច្នេះហើយ ដែលនាងណាអូមីវិលត្រឡប់មកភូមិកំណើតវិញ ទាំងនាំនាងរស់ សាសន៍ម៉ូអាប់ ជាកូនប្រសាមកជាមួយផង។ អ្នកទាំងពីរបានមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូត។
នាងរស់ 1:16-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ នឹងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង បើសិនជាខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង កាលគាត់ឃើញថា នាងផ្តាច់ចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំង២នាក់ក៏នាំគ្នាទៅដល់ក្រុងបេថ្លេហិម កាលបានចូលទៅក្នុងក្រុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា នេះតើជាន៉ាអូមីមែនឬអី គាត់ឆ្លើយថា កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ គឺយ៉ាងនោះហើយ ដែលន៉ាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ក្រុងបេថ្លេហិម នៅដើមរដូវចំរូតស្រូវឱក។