នាងរស់ 1:15-18
នាងរស់ 1:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចគាត់និយាយទៅនាងរស់ថា៖ «មើល៍! ប្អូនថ្លៃឯងបានត្រឡប់ទៅរកសាសន៍ និងព្រះរបស់គេវិញហើយ ដូច្នេះ ចូរឲ្យកូនវិលទៅតាមប្អូនថ្លៃកូនចុះ»។ ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។ ពេលណាអូមីឃើញថា នាងតាំងចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។
នាងរស់ 1:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ ប៉ុន្តែ នាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរ។ អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។ ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។
នាងរស់ 1:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគាត់និយាយទៅនាងរស់ថា មើល ប្អូនថ្លៃឯងបានត្រឡប់ទៅឯសាសន៍ ហើយនឹងព្រះរបស់វាវិញហើយ ដូច្នេះ ចូរឲ្យឯងវិលទៅតាមប្អូនថ្លៃឯងចុះ តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ នឹងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង បើសិនជាខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង កាលគាត់ឃើញថា នាងផ្តាច់ចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។