នាងរស់ 1:1-5

នាងរស់ 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​ដែល​ពួក​ចៅ‌ហ្វាយ​កំពុង​ត្រួត‌ត្រា កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ទៅ​ស្នាក់​នៅ​ស្រុក​ម៉ូអាប់។ បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ណា‌អូមី ហើយ​កូន​ទាំង​ពីរ គឺ​ម៉ាឡូន និង​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រា‌តា ដែល​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ។ ឯ​អេលី‌ម៉ាលេច ជា​ប្តី​ណា‌អូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង និង​កូន​ទាំង​ពីរ​នាក់ កូន​ទាំង​ពីរ​ក៏​យក​ប្រពន្ធ ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​មួយ​ឈ្មោះ​អ័រប៉ា ហើយ​មួយ​ទៀត​ឈ្មោះ​នាង​រស់។ គេ​រស់​នៅ​ស្រុក​នោះ​ប្រហែល​ជា​ដប់​ឆ្នាំ ហើ​យ​ម៉ាឡូន និង​គីលីយ៉ូន​ក៏​ស្លាប់​ទាំង​ពីរ​នាក់​ទៅ នៅ​សល់​តែ​ណា‌អូមី​ម្នាក់​ឯង បាត់​កូន​ទាំង​ពីរ ទាំង​ប្តី។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ជំនាន់​អស់​លោក​ចៅហ្វាយ មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។ បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាឡេក ភរិយា​របស់​គាត់​ឈ្មោះ​ណាអូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលី‌យ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រា‌តា នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់ ហើយ​ក៏​រស់​នៅ​ទី​នោះ។ ក្រោយ​មក លោក​អេលី‌ម៉ាឡេក​បាន​ទទួល​មរណ‌ភាព ទុក​ឲ្យ​នាង​ណាអូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។ កូន​ទាំង​ពីរ​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រស់។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។ បន្ទាប់​មក ម៉ាឡូន និង​គីលី‌យ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណាអូមី​ជា​ម្ដាយ​ឲ្យ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្នុង​គ្រា ដែល​ពួក​ចៅហ្វាយ​កំពុង​កាន់‌កាប់​ត្រួត‌ត្រា នោះ​ក៏​កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ​មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ នឹង​កូន​ប្រុស​ទាំង​២​នាក់ ទៅ​ស្នាក់​នៅ​ឯ​ស្រុក​ម៉ូអាប់ មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ ឯ​អេលី‌ម៉ាលេច ជា​ប្ដី​ន៉ាអូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង ហើយ​នឹង​កូន​ទាំង​២​នាក់ កូន​ទាំង​២​ក៏​យក​ប្រពន្ធ​ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​១​ឈ្មោះ​អ័រប៉ា ហើយ​១​ទៀត​ឈ្មោះ​នាង​រស់ ម៉ាឡូន នឹង​គីលី‌យ៉ុន​ក៏​នៅ​ស្រុក​នោះ​ប្រហែល​ជា​១០​ឆ្នាំ រួច​គេ​ស្លាប់​ទៅ​ទាំង​២​នាក់ នៅ​សល់​តែ​ន៉ាអូមី​ម្នាក់​ឯង ឥត​ទាំង​កូន​ទាំង​ប្ដី​ផង។

ចែក​រំលែក
អាន នាងរស់ 1