រ៉ូម 9:24-33
រ៉ូម 9:24-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺយើងរាល់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីសាសន៍យូដាប៉ុណ្ណោះ គឺពីសាសន៍ដទៃថែមទៀតផង នោះតើដូចម្តេចទៅវិញ? ដូចព្រះអង្គមានព្រះបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅអស់អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង ថាជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងហៅសាសន៍ដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងា ឯត្រង់កន្លែងណាដែលបានពោលទៅគេថា "អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ" កន្លែងនោះនឹងត្រូវបានគេហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ »។ ឯហោរាអេសាយស្រែកប្រកាសពីសាសន៍អ៊ីស្រាអែលថា៖ «ទោះជាកូនចៅអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ ក៏មានតែអ្នកនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គយ៉ាងឆាប់នៅលើផែនដី ឥតបង្អង់ឡើយ »។ ដូចលោកអេសាយបានថ្លែងទុកជាមុនថា៖ «ប្រសិនបើព្រះអម្ចាស់នៃពួកពលបរិវារ មិនបានបន្សល់ពូជទុកឲ្យយើងទេ នោះយើងនឹងវិនាសដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាមិនខាន» ។ ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? សាសន៍ដទៃដែលមិនបានស្វះស្វែងរកសេចក្តីសុចរិត បានទទួលសេចក្តីសុចរិត ជាសេចក្តីសុចរិតដោយសារជំនឿ តែសាសន៍អ៊ីស្រាអែលវិញ ដែលស្វះស្វែងរកសេចក្ដីសុចរិតដោយអាងក្រឹត្យវិន័យ មិនបានសម្រចតាមក្រឹត្យវិន័យឡើយ។ ហេតុអ្វី? ព្រោះគេអាងលើការប្រព្រឹត្ត មិនមែនអាងលើជំនឿ។ គេបានជំពប់នឹងថ្មដែលនាំឲ្យជំពប់នោះ ដូចមានសេចក្តីចែងទុកមកថា៖ «មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ដែលធ្វើឲ្យគេជំពប់ដួល ជាថ្មដាដែលធ្វើឲ្យគេរវាតចិត្ត ហើយអ្នកណាដែលជឿដល់ថ្មនោះ នឹងមិនត្រូវខ្មាសឡើយ» ។
រ៉ូម 9:24-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថា: «អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ ដ៏ជាទីស្រឡាញ់របស់យើង ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើងទេ!” ត្រង់នោះ គេនឹងមានឈ្មោះថាជាបុត្រ របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» ។ រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថា: ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូល របស់ព្រះអង្គគ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ ។ មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថា: ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល មិនបានទុកកូនចៅយើងមួយចំនួន ឲ្យនៅសល់ទេ នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង កូម៉ូរ៉ាដែរ ។ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ*ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមក្រឹត្យវិន័យនោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីពួកគេពឹងលើការប្រព្រឹត្តតាមវិន័យ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំឲ្យគេជំពប់» ដូចមានចែងទុកមកថា: យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ ។
រ៉ូម 9:24-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ» ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្ដីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី» ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុំម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ»។ ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្ដីសុចរិត នោះបានទាន់សេចក្ដីសុចរិតនោះហើយ គឺជាសេចក្ដីសុចរិត ដែលមកដោយសារសេចក្ដីជំនឿ តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រិត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រិត្យវិន័យដ៏សុចរិតទេ តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្ដីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។