រ៉ូម 9:20-23
រ៉ូម 9:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ឱមនុស្សអើយ! តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូន និយាយទៅជាងស្មូនថា៖ «ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំមានរូបរាងដូច្នេះ» ដែរឬ? តើជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីយកដុំដីដដែលទៅសូន មួយធ្វើជាវត្ថុថ្លៃថ្នូរ ហើយមួយទៀតជាវត្ថុធម្មតាទេឬ? ចុះបើព្រះចង់បង្ហាញសេចក្តីក្រោធ ហើយសម្ដែងព្រះចេស្តារបស់ព្រះអង្គ ចំពោះវត្ថុដែលគួរទទួលសេចក្ដីក្រោធ ដែលរៀបចំឡើងសម្រាប់បំផ្លាញ តែទ្រង់បានអត់ធ្មត់ជាខ្លាំង ហើយចុះបើព្រះអង្គចង់សម្ដែងសិរីល្អដ៏បរិបូររបស់ព្រះអង្គចំពោះវត្ថុដែលគួរទទួលសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុនសម្រាប់សិរីល្អ
រ៉ូម 9:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។ ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ព្រះអង្គស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធ ហើយត្រូវវិនាសអន្តរាយ។ ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលុបរបស់ព្រះអង្គ ចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរ ជាអ្នកដែលព្រះអង្គបានតម្រូវទុកជាមុនឲ្យទទួលសិរីរុងរឿង
រ៉ូម 9:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ នឹងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ