រ៉ូម 9:14-18
រ៉ូម 9:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? តើព្រះអយុត្តិធម៌ឬ? មិនមែនដូច្នោះទេ! ដ្បិតព្រះអង្គមានព្រះបន្ទូលទៅលោកម៉ូសេថា៖ «យើងនឹងមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា ហើយយើងនឹងក្តួលអាណិត ដល់អ្នកណាដែលយើងក្តួលអាណិត» ។ ដូច្នេះ មិនមែនស្រេចលើបំណង ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចលើព្រះ ដែលទ្រង់មេត្តាករុណាវិញ។ ដ្បិតមានបទគម្ពីរថ្លែងទៅកាន់ផារ៉ោនថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញចេស្ដារបស់យើងតាមរយៈអ្នក ដើម្បីឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញផែនដីទាំងមូល» ។ ដូច្នេះ ព្រះអង្គមេត្តាករុណាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្តរឹងទទឹង ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
រ៉ូម 9:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេ មិនមែនទេ! ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា: «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណា ដែលយើងអាណិតអាសូរដែរ» ។ ដូច្នេះ មិនមែនស្រេចតាមតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតាមតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល» ។ ដូច្នេះ ព្រះអង្គមេត្តាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យចិត្តនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
រ៉ូម 9:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ ដ្បិតទ្រង់មានបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្ដីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្ដីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត» ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី» ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។