រ៉ូម 9:1-13
រ៉ូម 9:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនិយាយសេចក្តីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនកុហកទេ មនសិការបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចាប់នៅក្នុងចិត្តជានិច្ច។ ដ្បិតខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយកាត់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងសាច់ឈាម គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន គេមានពួកបុព្វបុរស ហើយព្រះគ្រីស្ទបានកើតពីពួកគេខាងសាច់ឈាម។ សូមឲ្យព្រះដែលខ្ពស់លើសទាំងអស់ មានព្រះពរអស់កល្បជានិច្ច។ អាម៉ែន។ ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះមិនបានសម្រេចនោះទេ ដ្បិតមិនមែនសាសន៍អ៊ីស្រាអែលទាំងអស់ សុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ហើយក៏មិនមែនកូនលោកអ័ប្រាហាំទាំងអស់ សុទ្ធតែជាពូជពង្សពិតប្រាកដរបស់លោកដែរ តែមានសេចក្តីចែងទុកមកថា «អស់អ្នកដែលមានឈ្មោះជាពូជពង្សរបស់អ្នក នឹងរាប់ពីអ៊ីសាក» ។ នេះមានន័យថា មិនមែនកូនដែលកើតពីសាច់ឈាមទេ ដែលជាកូនរបស់ព្រះ គឺកូនដែលកើតពីសេចក្តីសន្យាវិញ ទើបរាប់ជាពូជពង្ស។ ដ្បិតព្រះបានសន្យាដូច្នេះថា៖ «យើងនឹងមកវិញក្នុងពេលដដែលនេះ ហើយសារ៉ានឹងមានកូន» ។ មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយដូច្នោះដែរ គឺលោកអ៊ីសាក ជាបុព្វបុរសរបស់យើង ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ (ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ មិនមែនដោយការប្រព្រឹត្ត គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គ) ដ្បិតព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា៖ «កូនច្បងនឹងត្រូវបម្រើកូនប្អូន» ។ ដូចមានសេចក្តីចែងទុកមកថា៖ «យើងបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ» ។
រ៉ូម 9:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ត ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ត ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ មានបុព្វបុរស ហើយព្រះគ្រិស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន! ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថាជាពូជពង្សរបស់អ្នក» ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ» ។ មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ ព្រះជាម្ចាស់មានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅនាងរេបិកាថា «កូនច្បងនឹងបម្រើកូនប្អូន» ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ» ។
រ៉ូម 9:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា ខ្ញុំមានសេចក្ដីទុក្ខសោកជាខ្លាំង នឹងសេចក្ដីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ នឹងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រិត្យវិន័យ របៀបថ្វាយបង្គំ នឹងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកឰយុកោផង ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្ដីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក» គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្ដីសន្យា នោះទើបបានរាប់ជាពូជវិញ ដ្បិតសេចក្ដីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន» មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបំរើប្អូន» ដូចមានសេចក្ដីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្ដីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។