រ៉ូម 8:5-11
រ៉ូម 8:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។ ព្រោះគំនិតដែលគិតអំពីសាច់ឈាម នោះទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ហើយអស់អ្នកដែលរស់នៅខាងសាច់ឈាម ពុំអាចគាប់ព្រះហឫទ័យព្រះបានឡើយ។ ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
រ៉ូម 8:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះវិញ្ញាណ។ ការគិតខាងលោកីយ៍នាំឲ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឲ្យមានជីវិត និងសេចក្ដីសុខសាន្តវិញ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ អស់អ្នកដែលរស់នៅក្នុងនិស្ស័យលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រិស្តគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឲ្យសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
រ៉ូម 8:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។