រ៉ូម 8:18-39

រ៉ូម 8:18-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។ យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។ ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត? តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។ ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។ ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។ ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន? ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ? តើ​អ្នក​ណា​អាច​ចោទ​ប្រកាន់​ទាស់​នឹង​ពួក​រើស​តាំង​របស់​ព្រះ​បាន? ដ្បិត​គឺ​ព្រះ​ហើយ​ដែល​រាប់​គេ​ជា​សុចរិត។ តើ​អ្នក​ណា​អាច​កាត់​ទោស​គេ​បាន? ដ្បិត​គឺ​ព្រះ‌គ្រីស្ទ​យេស៊ូវ​ហើយ​ដែល​បាន​សុគត មែន​ហើយ! ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ជា​អ្នក​ទូល​អង្វរ​ឲ្យ​យើង។ តើ​អ្នក​ណា​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បាន? តើ​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា ការ​បៀត​បៀន ការ​អត់​ឃ្លាន ភាព​អាក្រាត សេចក្តី​អន្តរាយ ឬ​មួយ​ដាវ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ​យក​ទៅ​សម្លាប់ »។ ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។ ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:18-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុងរឿង ដែល​ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​ឡើយ។ អ្វីៗ​សព្វ​សារពើ​ដែល​ព្រះអង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​បង្ហាញ​បុត្រ​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ​ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ដូច្នេះ។ ពិភព​លោក​នៅ​តែ​មាន​សង្ឃឹម​ថា ព្រះអង្គ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុងរឿង​នៃ​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់ ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។ មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជា‌ម្ចាស់ ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ព្រះអង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ត​ព្យាយាម។ យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​ឲ្យ​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ទ្រង់​ទូល‌អង្វរ​ឲ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។ រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះអង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។ យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ព្រះអង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បងប្អូន​ជា​ច្រើន។ អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះអង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គេ​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុងរឿង​ដែរ។ បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? ព្រះអង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។ តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​សុចរិត​ហើយ​នោះ? តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះគ្រិស្ត‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឲ្យ​យើង​ដូច្នេះ? តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? ដូច​មាន​ចែង​ទុក​មក​ថា: «ព្រោះ​តែ​ព្រះអង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ យក​ទៅ​សម្លាប់» ។ ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:18-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្ដី​មិន​គួរ​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ ដ្បិត​សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង‌ឡាយ នោះ​រង់‌ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ ពី​ព្រោះ​ជីវិត​ទាំង‌ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ ដែល​ទ្រង់​បញ្ចុះ‌បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំង‌ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ‌ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់‌ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្ដី​ប្រោស​លោះ​ដល់​រូប‌កាយ​យើង​ផង ដ្បិត​យើង​បាន​សង្គ្រោះ​រួច ដោយ​សេចក្ដី​សង្ឃឹម តែ​សេចក្ដី​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ឈ្មោះ​ថា​ជា​សេចក្ដី​សង្ឃឹម​ទេ ដ្បិត​របស់​អ្វី​ដែល​អ្នក​ណា​មើល​ឃើញ​ហើយ នោះ​នឹង​សង្ឃឹម​ចង់​បាន​ធ្វើ​អ្វី​ទៀត តែ​បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់‌ចាំ​នៅ​ដោយ​អំណត់ ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ព្រះ តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់ ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ‌គ្រីស្ទ​បាន តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀត‌បៀន សេចក្ដី​អត់‌ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់​វាល់​ព្រឹក​វាល់​ល្ងាច ដោយ​យល់​ដល់​ទ្រង់» គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់ ទេ គឺ​ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ‌សារ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង ដ្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ‌ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:18-39

រ៉ូម 8:18-39 គខបរ៉ូម 8:18-39 គខប