រ៉ូម 8:18-22
រ៉ូម 8:18-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។ យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ
រ៉ូម 8:18-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សម្តែងឲ្យយើងឃើញ នៅអនាគតកាលនោះឡើយ។ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា ព្រះអង្គនឹងលោះឲ្យរួចផុតពីវិនាសអន្តរាយ ដើម្បីឲ្យមានសេរីភាព និងសិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។ យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ ដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន។
រ៉ូម 8:18-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ