រ៉ូម 8:15-21
រ៉ូម 8:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា! គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។
រ៉ូម 8:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឲ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រិស្ត។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សម្តែងឲ្យយើងឃើញ នៅអនាគតកាលនោះឡើយ។ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា ព្រះអង្គនឹងលោះឲ្យរួចផុតពីវិនាសអន្តរាយ ដើម្បីឲ្យមានសេរីភាព និងសិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។
រ៉ូម 8:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។ ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ