រ៉ូម 8:1-39
រ៉ូម 8:1-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ គ្មានទោសទេ។ ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ការដែលក្រឹត្យវិន័យធ្វើមិនកើត ដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះបានសម្រេចរួចហើយ ដោយចាត់ព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យមក មានរូបអង្គដូចជាមនុស្សខាងសាច់ឈាមដែលមានបាប ហើយដើម្បីដោះស្រាយអំពើបាប ព្រះអង្គដាក់ទោសបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្ដីសុចរិតដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចនៅក្នុងយើង ដែលមិនរស់នៅតាមសាច់ឈាម តែរស់នៅតាមព្រះវិញ្ញាណ។ ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។ ព្រោះគំនិតដែលគិតអំពីសាច់ឈាម នោះទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ហើយអស់អ្នកដែលរស់នៅខាងសាច់ឈាម ពុំអាចគាប់ព្រះហឫទ័យព្រះបានឡើយ។ ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។ ដូច្នេះ បងប្អូនអើយ យើងជំពាក់ តែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា! គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។ យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង។ ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត? តែបើយើងសង្ឃឹមលើអ្វីដែលមើលមិនឃើញ នោះយើងរង់ចាំដោយអំណត់។ ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។ យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។ ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។ ឯអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុន ទ្រង់ក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ទ្រង់ក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ទ្រង់ក៏លើកតម្កើង។ ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ? តើអ្នកណាអាចចោទប្រកាន់ទាស់នឹងពួករើសតាំងរបស់ព្រះបាន? ដ្បិតគឺព្រះហើយដែលរាប់គេជាសុចរិត។ តើអ្នកណាអាចកាត់ទោសគេបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវហើយដែលបានសុគត មែនហើយ! ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គគង់នៅខាងស្តាំព្រះហស្តរបស់ព្រះ គឺព្រះអង្គហើយជាអ្នកទូលអង្វរឲ្យយើង។ តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
រ៉ូម 8:1-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រិស្តយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រិស្តយេស៊ូ បានរំដោះខ្ញុំឲ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។ ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យយាងមក មាននិស្ស័យជាមនុស្ស ដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្ស។ ព្រះអង្គធ្វើដូច្នេះ ដើម្បីប្រោសយើងឲ្យបានសុចរិត ស្របតាមការតម្រូវរបស់ក្រឹត្យវិន័យ គឺចំពោះយើងដែលមិនរស់នៅតាមនិស្ស័យលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះវិញ្ញាណ។ ការគិតខាងលោកីយ៍នាំឲ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឲ្យមានជីវិត និងសេចក្ដីសុខសាន្តវិញ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ អស់អ្នកដែលរស់នៅក្នុងនិស្ស័យលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រិស្តគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឲ្យសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។ ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម្យ៉ាង តែមិនមែនជំពាក់នឹងនិស្ស័យលោកីយ៍ ដើម្បីរស់តាមនិស្ស័យលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូនមុខតែមានជីវិត ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឲ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រិស្ត។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សម្តែងឲ្យយើងឃើញ នៅអនាគតកាលនោះឡើយ។ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា ព្រះអង្គនឹងលោះឲ្យរួចផុតពីវិនាសអន្តរាយ ដើម្បីឲ្យមានសេរីភាព និងសិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។ យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ ដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន។ មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ ប្រោសយើងឲ្យទៅជាបុត្ររបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ ដ្បិតយើងបានទទួលការសង្គ្រោះ តែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបានអ្វីដែលយើងសង្ឃឹមចង់បាន នោះមិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តព្យាយាម។ យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន*ដូចម្ដេច ដើម្បីឲ្យសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ទ្រង់ទូលអង្វរឲ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះអង្គក៏បានតម្រូវគេទុកជាមុន ឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ព្រះអង្គក៏ប្រោសឲ្យគេសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឲ្យសុចរិត ព្រះអង្គក៏ប្រទានឲ្យគេមានសិរីរុងរឿងដែរ។ បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ។ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឲ្យសុចរិតហើយនោះ? តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រិស្តយេស៊ូបានសោយទិវង្គត ហើយជាពិសេស ព្រះអង្គមានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះបិតា និងទូលអង្វរឲ្យយើងដូច្នេះ? តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? ដូចមានចែងទុកមកថា: «ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ យកទៅសម្លាប់» ។ ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា*ក្ដី វត្ថុស័ក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដី អំណាចនានាក្ដី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសម្តែងឲ្យយើងឃើញក្នុងព្រះគ្រិស្តយេស៊ូ ជាអម្ចាស់នៃយើងឡើយ។
រ៉ូម 8:1-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប នឹងសេចក្ដីស្លាប់ហើយ ពីព្រោះ ឯការដែលក្រិត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកំសោយ ព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គ បែបដូចជាសាច់ឈាមដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្ដីដែលក្រិត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។ ដូច្នេះ បងប្អូនអើយ យើងមានសេចក្ដីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។ ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្ដីសង្ឃឹម តែសេចក្ដីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្ដីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់ ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏ដំរូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានដំរូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។ ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី ដូចមានសេចក្ដីចែងទុកមកថា «យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។