រ៉ូម 7:21-25
រ៉ូម 7:21-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំរកឃើញច្បាប់មួយគឺ ពេលខ្ញុំចង់ធ្វើអ្វីដែលល្អ ការអាក្រក់ចេះតែនៅជាមួយខ្ញុំជានិច្ច។ ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។ ខ្ញុំនេះជាមនុស្សវេទនាណាស់! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។
រ៉ូម 7:21-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់ ក៏ប៉ុន្តែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់ជាឈ្លើយ ធ្វើតាមបញ្ជារបស់បាប ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំ ឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាបវិញ។
រ៉ូម 7:21-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្ដីល្អ នោះចេះតែមានសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។