រ៉ូម 7:15-20
រ៉ូម 7:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ។ ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន។ តាមពិត មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបនៅក្នុងខ្ញុំវិញទេតើ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។ ខ្ញុំមិនធ្វើការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបដែលនៅក្នុងខ្លួនខ្ញុំវិញទេតើ។
រ៉ូម 7:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។ ប្រសិនបើខ្ញុំធ្វើកិច្ចការណាដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថា ខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថា ក្រឹត្យវិន័យពិតជាល្អមែន។ ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្តកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ត ដ្បិតខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អឡើយ។ ខ្ញុំមិនប្រព្រឹត្តអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថា មិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ត។
រ៉ូម 7:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រិត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ