រ៉ូម 7:1-6
រ៉ូម 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបងប្អូនអើយ ខ្ញុំនិយាយចំពោះបងប្អូនដែលស្គាល់ក្រឹត្យវិន័យ តើអ្នករាល់គ្នាមិនដឹងទេឬ ក្រឹត្យវិន័យមានអំណាចលើមនុស្ស តែក្នុងពេលគេមានជីវិតប៉ុណ្ណោះ? ឧបមាថា ស្ត្រីម្នាក់ដែលបានរៀបការតាមច្បាប់ ដរាបណាប្ដីនៅមានជីវិត នាងត្រូវនៅជាប់ជាមួយប្ដី តែបើប្តីស្លាប់ទៅ នាងរួចពីច្បាប់របស់ប្តីហើយ។ ដូច្នេះ បើនាងរស់នៅជាមួយបុរសម្នាក់ទៀត ពេលប្តីនៅរស់ នោះនាងមានឈ្មោះថា ជាស្រី្ដផិតក្បត់។ ប៉ុន្តែ បើប្តីរបស់នាងស្លាប់ នាងរួចពីច្បាប់នោះហើយ ទោះបើនាងរៀបការនឹងបុរសម្នាក់ទៀត ក៏នាងមិនមានឈ្មោះថាផិតក្បត់ដែរ។ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារព្រះកាយរបស់ព្រះគ្រីស្ទដែរ ដើម្បីឲ្យអ្នករាល់គ្នាទៅជាប់នឹងម្នាក់ទៀត គឺជាប់នឹងព្រះអង្គដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះ។ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីប៉ងប្រាថ្នារបស់បាប ដែលជំរុញដោយក្រឹត្យវិន័យ បានធ្វើសកម្មភាពនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែឲ្យសេចក្តីស្លាប់។ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ គឺស្លាប់ខាងឯការដែលបានឃុំឃាំងយើង ដើម្បីឲ្យយើងគោរពបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណវិញ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
រ៉ូម 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំសូមនិយាយចំពោះបងប្អូន ដែលស្ទាត់ជំនាញខាងច្បាប់ បងប្អូនជ្រាបស្រាប់ហើយថា ច្បាប់មានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។ ឧបមាថា ស្ត្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់ នាងនឹងរួចផុតពីច្បាប់ដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។ ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ត្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរីភាពរួចផុតពីច្បាប់ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ត្រីផិតក្បត់ទេ។ រីឯបងប្អូនវិញក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ត បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្តដែលមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់ ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសម្តែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់ តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីក្រឹត្យវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបម្រើព្រះជាម្ចាស់តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបម្រើតាមរបៀបចាស់ ដែលមកពីក្រឹត្យវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។
រ៉ូម 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រិត្យវិន័យហើយ ថាក្រិត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រិត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតិហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រិត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្ដីស្លាប់ តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។