រ៉ូម 7:1-12

រ៉ូម 7:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ចំពោះ​បង‌ប្អូន​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​គេ​មាន​ជីវិត​ប៉ុណ្ណោះ? ឧបមា​ថា ស្ត្រី​ម្នាក់​ដែល​បាន​រៀប‌ការ​តាម​ច្បាប់ ដរាប​ណា​ប្ដី​នៅ​មាន​ជីវិត នាង​ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី តែ​បើ​ប្តី​ស្លាប់​ទៅ នាង​រួច​ពី​ច្បាប់​របស់​ប្តី​ហើយ។ ដូច្នេះ បើ​នាង​រស់​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត ពេល​ប្តី​នៅ​រស់ នោះ​នាង​មាន​ឈ្មោះ​ថា ជា​ស្រី្ដ​ផិត​ក្បត់។ ប៉ុន្តែ បើ​ប្តី​របស់​នាង​ស្លាប់ នាង​រួច​ពី​ច្បាប់​នោះ​ហើយ ទោះ​បើ​នាង​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ក៏​នាង​មិន​មាន​ឈ្មោះ​ថា​ផិត​ក្បត់​ដែរ។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។ ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​បាប ដែល​ជំរុញ​ដោយ​ក្រឹត្យ‌វិន័យ បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​អវយវៈ​របស់​យើង ដើម្បី​បង្កើត​ផល​ផ្លែ​ឲ្យ​សេចក្តី​ស្លាប់។ តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​ស្លាប់​ខាង​ឯ​ការ​ដែល​បាន​ឃុំ‌ឃាំង​យើង ដើម្បី​ឲ្យ​យើង​គោរព​បម្រើ​តាម​របៀប​ថ្មី​របស់​ព្រះ‌វិញ្ញាណ​វិញ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​វិន័យ​ឡើយ។ ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។ ប៉ុន្តែ ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​លោភ​លន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ‌វិន័យ បាប​ក៏​ស្លាប់​ដែរ។ ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ស្លាប់ ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្តិ​ដែល​សន្យា​ឲ្យ​មាន​ជីវិត នោះ​បង្ហាញ​ថា​ខ្ញុំ​មាន​ទោស​ត្រូវ​ស្លាប់​វិញ។ ដ្បិត ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ វា​ក៏​បញ្ឆោត​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​ដោយ​សារ​បញ្ញត្តិ​នោះ​ឯង។ ដូច្នេះ ក្រឹត្យ‌វិន័យ​បរិសុទ្ធ ហើយ​បញ្ញត្តិ​ក៏​បរិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​ចំពោះ​បងប្អូន ដែល​ស្ទាត់​ជំនាញ​ខាង​ច្បាប់ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ច្បាប់​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​នៅ​ឡើយ។ ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្ដី​តាម​ច្បាប់ នាង​នៅ​ជាប់​ជា​មួយ​ប្ដី តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់ នាង​នឹង​រួច​ផុត​ពី​ច្បាប់​ដែល​ចង​នាង​ឲ្យ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។ ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។ រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ដោយ‌សារ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះ‌គ្រិស្ត​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ‌ជាម្ចាស់ ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់ តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំ‌ឃាំង​យើង ដូច្នេះ យើង​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​ថ្មី ដែល​មក​ពី​ព្រះ‌វិញ្ញាណ មិន​មែន​បម្រើ​តាម​របៀប​ចាស់ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។ បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​។ ពី​ដើម ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ។ លុះ​បញ្ញត្តិ​មក​ដល់ បាប​ក៏​កើត​មាន​ឡើង រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្តិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយ‌សារ​បញ្ញត្តិ​នេះ។ ដូច្នេះ ក្រឹត្យ‌វិន័យ​ក៏​វិសុទ្ធ* រីឯ​បញ្ញត្តិ​ក៏​វិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ដ្បិត​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ដែល​ស្គាល់​ក្រិត្យ‌វិន័យ​ហើយ ថា​ក្រិត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស ដរាប​ដល់​អស់​មួយ​ជីវិត ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រិត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ ដូច្នេះ កាល​ប្ដី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្ដី​១​ទៀត នោះ​គេ​សន្មតិ​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្ដី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្ដី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រិត្យ‌វិន័យ​ដែរ ដោយ‌សារ​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រិត្យ‌វិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូប‌កាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្ដី​ស្លាប់ តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រិត្យ‌វិន័យ​ហើយ ដោយ​បាន​ស្លាប់​ក្នុង​សេចក្ដី​ដែល​ឃុំ‌ឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិ‌បត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ។ ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រិត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រិត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រិត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយ‌សារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្ដី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រិត្យ‌វិន័យ អំពើ​បាប​បាន​ស្លាប់​សូន្យ តែ​ពី​ដើម ក្រៅ​ពី​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​បាន​រស់​នៅ លុះ​សេចក្ដី​បញ្ញត្ត​បាន​កើត​មក នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ត្រូវ​ស្លាប់​វិញ ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្ត​នោះ ដែល​សំរាប់​ឲ្យ​មាន​ជីវិត នោះ​បាន​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ ដ្បិត​ដែល​បាប​បាន​ឱកាស ដោយ‌សារ​សេចក្ដី​បញ្ញត្ត​នោះ​ក៏​មក​បញ្ឆោត​ខ្ញុំ ព្រម​ទាំង​សំឡាប់​ខ្ញុំ​ផង ដោយ‌សារ​បញ្ញត្ត​នោះ​ឯង ដូច្នេះ ក្រិត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្ដី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ

ចែក​រំលែក
អាន រ៉ូម 7