រ៉ូម 6:3-6
រ៉ូម 6:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នករាល់គ្នាមិនដឹងថា យើងទាំងអស់គ្នាដែលបានជ្រមុជទៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះយើងបានជ្រមុជទៅក្នុងការសុគតរបស់ព្រះអង្គដែរទេឬ? ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។ ដ្បិតបើយើងបានរួមជាមួយព្រះអង្គ ក្នុងការសុគតរបស់ព្រះអង្គ នោះយើងប្រាកដជានឹងបានរួមជាមួយព្រះអង្គ ក្នុងការរស់ឡើងវិញដូចព្រះអង្គមិនខាន។ យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
រ៉ូម 6:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើបងប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីរួមជាមួយព្រះគ្រិស្តយេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។ យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើងដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត
រ៉ូម 6:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្ដីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្ដីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្ដីរស់ឡើងវិញរបស់ទ្រង់ដែរ ដោយដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ