រ៉ូម 6:17-22 - Compare All Versions
រ៉ូម 6:17-22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយដោយអ្នករាល់គ្នាបានរួចពីបាប នោះក៏ត្រឡប់ជាបាវបម្រើរបស់សេចក្តីសុចរិតវិញ។ ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។ កាលអ្នករាល់គ្នានៅជាបាវបម្រើរបស់បាបនៅឡើយ នោះអ្នករាល់គ្នាមិនជាប់ក្នុងសេចក្តីសុចរិតទេ។ កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់! តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។
រ៉ូម 6:17-22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។ ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ*យ៉ាងនោះដែរ។ កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! តែឥឡូវនេះ បងប្អូនរួចពីអំណាចបាប មកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាវិសុទ្ធ* ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច
រ៉ូម 6:17-22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែ អរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្ដីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ ខ្ញុំនិយាយតាមបែបមនុស្សលោក ដោយព្រោះសេចក្ដីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នា ដ្បិតដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបំរើសេចក្ដីស្មោកគ្រោក នឹងសេចក្ដីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្ដីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្ដីសុចរិតទេ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់ តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្ដីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង