រ៉ូម 6:15-19

រ៉ូម 6:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយ​ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ តើ​យើង​គួរ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។ ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​អ្នក​រាល់​គ្នា​ពី​ដើម​ជា​បាវ​បម្រើ​របស់​បាប ទាំង​បាន​ស្តាប់​បង្គាប់​យ៉ាង​អស់​ពី​ចិត្ត តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ហើយ​ដោយ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប នោះ​ក៏​ត្រឡប់​ជា​បាវ​បម្រើ​របស់​សេចក្តី​សុចរិត​វិញ។ ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក​ដូច្នេះ ព្រោះ​តែ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដ្បិត​ដូច​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​ស្មោក‌គ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​សុចរិត​វិញ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ* តែ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ! បងប្អូន​មិន​ដឹង​ទេ​ឬ បើ​បងប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បងប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បងប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បងប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បងប្អូន​ស្លាប់ ឬ​មួយ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ដែល​នាំ​ឲ្យ​បងប្អូន​បាន​សុចរិត​។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់! ពី​ដើម​បងប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បងប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បងប្អូន​បាន​ទទួល បងប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​សេចក្ដី​សុចរិត​វិញ។ ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បងប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បងប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បងប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ*​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ធ្វើ​ដូច​ម្តេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ‌គុណ មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ​ឬ​អី ទេ មិន​គួរ​ឡើយ តើ​អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ នឹង​ស្តាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្តាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្តី ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បំរើ​របស់​អំពើ​បាប​មែន ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ឥឡូវ​នេះ បាន​ស្តាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​កំសោយ​របស់​សាច់​ឈាម​នៃ​អ្នក​រាល់​គ្នា ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្ដី​ស្មោក‌គ្រោក នឹង​សេចក្ដី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្ដី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ

ចែក​រំលែក
អាន រ៉ូម 6