រ៉ូម 6:11-14
រ៉ូម 6:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។ ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។ ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
រ៉ូម 6:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រិស្តយេស៊ូ។ ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូនឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។ បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
រ៉ូម 6:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្ដីប៉ងប្រាថ្នារបស់បាបនោះឡើយ ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ប្រដាទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។