រ៉ូម 6:1-23

រ៉ូម 6:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​យើង​ត្រូវ​បន្ត​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​ឡើង​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ តើ​ឲ្យ​យើង​នៅ​តែ​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​ទាំង​អស់​គ្នា​ដែល​បាន​ជ្រមុជ​ទៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​យើង​បាន​ជ្រមុជ​ទៅ​ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ​ដែរ​ទេ​ឬ? ដូច្នេះ យើង​ត្រូវ​បាន​បញ្ចុះ​ជា​មួយ​ព្រះ‌អង្គ​ហើយ ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ព្រះ‌គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ‌វរបិតា​ដែរ។ ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។ យើង​ដឹង​ថា មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ហើយ ដើម្បី​ឲ្យ​រូប​កាយ​ដែល​ជាប់​មាន​បាប​នេះ ត្រូវ​វិនាស​សាប​សូន្យ ហើយ​កុំ​ឲ្យ​យើង​ជាប់​ជា​អ្នក​បម្រើ​របស់​បាប​ទៀត។ ដ្បិត​អ្នក​ណា​ដែល​បាន​ស្លាប់​ហើយ អ្នក​នោះ​រួច​ពី​បាប​ហើយ ប៉ុន្តែ បើ​យើង​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ យើង​ដឹង​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​មិន​សុគត​ទៀត​ឡើយ សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ។ ដ្បិត​ដែល​ព្រះ‌អង្គ​សុគត នោះ​ព្រះ‌អង្គ​សុគត​ខាង​ឯ​បាប ម្ដង​ជា​សូរេច ហើយ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ គឺ​រស់​ខាង​ឯ​ព្រះ​វិញ។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាត់​ទុក​ខ្លួន​ដូច​ជា​បាន​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​វិញ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ដែរ។ ដូច្នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​បាប​នោះ​ឡើយ។ មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។ ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។ ដូច្នេះ ដោយ​ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ តើ​យើង​គួរ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។ ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​អ្នក​រាល់​គ្នា​ពី​ដើម​ជា​បាវ​បម្រើ​របស់​បាប ទាំង​បាន​ស្តាប់​បង្គាប់​យ៉ាង​អស់​ពី​ចិត្ត តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ហើយ​ដោយ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប នោះ​ក៏​ត្រឡប់​ជា​បាវ​បម្រើ​របស់​សេចក្តី​សុចរិត​វិញ។ ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក​ដូច្នេះ ព្រោះ​តែ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដ្បិត​ដូច​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​ស្មោក‌គ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​សុចរិត​វិញ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។ កាល​អ្នក​រាល់​គ្នា​នៅ​ជា​បាវ​បម្រើ​របស់​បាប​នៅ​ឡើយ នោះ​អ្នក​រាល់​គ្នា​មិន​ជាប់​ក្នុង​សេចក្តី​សុចរិត​ទេ។ កាល​ណោះ តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ពី​សេចក្ដី​ដែល​ឥឡូវ​នេះ អ្នក​រាល់​គ្នាអៀន​ខ្មាស? ដ្បិត​ចុង​បំផុត​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្តី​ស្លាប់! តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បម្រើ​ដល់​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ផល​ជា​សេចក្ដី​បរិសុទ្ធ ហើយ​ចុង​បំផុត​គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ‌ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​រឹត​តែ​មាន​ចម្រើន​ឡើង? ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប​​ហើយ តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត! តើ​បងប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជ​រួម​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត។ ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុងរឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។ ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។ យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះអង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត ដ្បិត​អ្នក​ដែល​ស្លាប់​មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។ ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រិស្ត​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ទេ ដ្បិត​ព្រះអង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់។ រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បងប្អូន​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បងប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជា‌ម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ទៅ​បម្រើ​ព្រះ‌ជា‌ម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។ បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បងប្អូន​ទៀត​ហើយ ព្រោះ​បងប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។ បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ* តែ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ! បងប្អូន​មិន​ដឹង​ទេ​ឬ បើ​បងប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បងប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បងប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បងប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បងប្អូន​ស្លាប់ ឬ​មួយ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ដែល​នាំ​ឲ្យ​បងប្អូន​បាន​សុចរិត​។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់! ពី​ដើម​បងប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បងប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បងប្អូន​បាន​ទទួល បងប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​សេចក្ដី​សុចរិត​វិញ។ ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បងប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បងប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បងប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ*​យ៉ាង​នោះ​ដែរ។ កាល​បងប្អូន​នៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប​នៅ​ឡើយ បងប្អូន​គ្មាន​ជាប់​ទាក់​ទាម​អ្វី​នឹង​សេចក្ដី​សុចរិត​ទេ។ កាល​ណោះ​បងប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បងប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បងប្អូន​ស្លាប់! តែ​ឥឡូវ​នេះ បងប្អូន​រួច​ពី​អំណាច​បាប មក​បម្រើ​ព្រះ‌ជា‌ម្ចាស់​វិញ។ បងប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​វិសុទ្ធ* ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច ដ្បិត​លទ្ធ‌ផល​នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់​វិញ គឺ​ជីវិត​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចំរើន​ឡើង​ឬ​អី ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​ដែរ ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដោយ​ដឹង​ថា ដែល​ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត ដ្បិត​ដែល​ទ្រង់​សុគត នោះ​គឺ​បាន​សុគត​ខាង​ឯ​បាប​១​ដង​ជា​សំរេច ហើយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ នោះ​ទ្រង់​រស់​ខាង​ឯ​ព្រះ​វិញ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​ឯ​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។ ដូច្នេះ ធ្វើ​ដូច​ម្តេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ‌គុណ មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ​ឬ​អី ទេ មិន​គួរ​ឡើយ តើ​អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ នឹង​ស្តាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្តាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្តី ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បំរើ​របស់​អំពើ​បាប​មែន ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ឥឡូវ​នេះ បាន​ស្តាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​កំសោយ​របស់​សាច់​ឈាម​នៃ​អ្នក​រាល់​គ្នា ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្ដី​ស្មោក‌គ្រោក នឹង​សេចក្ដី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្ដី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ ពី​ព្រោះ​កាល​ពី​ដើម ដែល​នៅ​ជា​បាវ​បំរើ​របស់​អំពើ​បាប នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​អំណាច​នៃ​សេចក្ដី​សុចរិត​ទេ កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀន‌ខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់ តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

ចែក​រំលែក
អាន រ៉ូម 6