រ៉ូម 5:15-19
រ៉ូម 5:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។
រ៉ូម 5:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ កំហុសរបស់លោកអដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះគុណរបស់ព្រះជាម្ចាស់ និងព្រះអំណោយទានដែលបានមកពីព្រះគុណនេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្តយ៉ាងនោះដែរ។ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងអំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារទោសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស។ រីឯព្រះអំណោយទានវិញ ធ្វើឲ្យមនុស្សសុចរិត ទោះបីគេប្រព្រឹត្តខុសជាច្រើនយ៉ាងណាក៏ដោយ។ ដោយសារតែមនុស្សម្នាក់បានប្រព្រឹត្តខុស ហើយដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈមនុស្សម្នាក់នេះដែរ។ រីឯអស់អ្នកដែលបានទទួលព្រះគុណ និងព្រះអំណោយទាននៃសេចក្ដីសុចរិតដ៏បរិបូណ៌នោះវិញ តាមរយៈមនុស្សតែម្នាក់ គឺព្រះយេស៊ូគ្រិស្ត គេនឹងបានសោយរាជ្យក្នុងជីវិត និងរឹតតែប្រសើរថែមទៀត។ សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងបានទទួលជីវិតយ៉ាងនោះដែរ ហើយមនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឲ្យសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។
រ៉ូម 5:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនឹងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្ដីជំនុំជំរះ ដែលកើតមកដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ ដ្បិតបើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ) ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ