រ៉ូម 5:12-21

រ៉ូម 5:12-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដូច​ដែល​បាប បាន​ចូល​មក​ក្នុង​ពិភព‌លោក តាម​រយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្តី​ស្លាប់​ចូល​មក​តាម​រយៈ​បាប​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​ក៏​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​ពិភព‌លោក​រួច​ទៅ​ហើយ តែ​ពេល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ បាប​មិន​ទាន់​រាប់​ជា​មាន​ទោស​ទេ។ ប៉ុន្តែ ចាប់​តាំង​ពី​លោក​អ័ដាម រហូត​មក​ដល់​លោក​ម៉ូសេ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​បាប ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ក៏​ដោយ ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក។ ប៉ុន្តែ អំណោយ‌ទាន​មិន​ដូច​ជា​អំពើ​រំលង​ទេ ដ្បិត​បើ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ នោះ​ចំណង់​បើ​ព្រះ‌គុណ​របស់​ព្រះ និង​អំណោយ‌ទាន​នៃ​ព្រះ‌គុណ​នេះ ដែល​មក​ដោយ​សារ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រាកដ​ជា​នឹង​បាន​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន លើល​ជាង​ទៅ​ទៀត​មិន​ខាន។ ឯ​អំណោយ‌ទាន​នោះ ក៏​មិន​ដូច​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​មនុស្ស​ម្នាក់​នោះ​ដែរ ដ្បិត​ការ​ជំនុំ‌ជម្រះ ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​ជាប់​ទោស តែ​អំណោយ‌ទាន ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​ជា​ច្រើន នោះ​នាំ​ឲ្យ​បាន​សុចរិត​វិញ។ បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។ ក្រឹត្យ‌វិន័យ​បាន​ចូល​មក ធ្វើ​ឲ្យ​អំពើ​រំលង​នោះ​កាន់​តែ​កើន​ឡើង តែ​នៅ​ទី​ណា​ដែល​បាប​កើន​ឡើង នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​ចម្រើន​ជា​បរិបូរ​ឡើង​ដែរ។ ដូច​ដែល​បាប​បាន​សោយ​រាជ្យ​លើ​សេចក្ដី​ស្លាប់​យ៉ាង​ណា នោះ​ព្រះ‌គុណ​បាន​សោយ​រាជ្យ ដោយ​សារ​សេចក្តី​សុចរិត ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:12-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ។ ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំ​មក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំ​ជា​និមិត្ត‌រូប​នៃ​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។ ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រះ‌អំណោយ​ទាន​ដែល​បាន​មក​ពី​ព្រះ‌គុណ​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​យ៉ាង​នោះ​ដែរ។ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយ‌សារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​ព្រះ‌អំណោយ​ទាន​វិញ ធ្វើ​ឲ្យ​មនុស្ស​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ត​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ដោយ​សារ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ខុស ហើយ​ដោយ‌សារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ‌គុណ និង​ព្រះ‌អំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត​ និង​រឹត​តែ​ប្រសើរ​ថែម​ទៀត។ សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។ ក្រឹត្យ‌វិន័យ​កើត​មាន​ឡើង ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប*​កាន់​តែ​ច្រើន ទី​នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។ បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះ‌គុណ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជានិច្ច តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:12-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ‌សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល‌ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ ដរាប​ដល់​ក្រិត្យ‌វិន័យ តែ​កាល​មិន​ទាន់​មាន​ក្រិត្យ‌វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ប៉ុន្តែ ព្រះ‌គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ‌គុណ​នៃ​ព្រះ ហើយ​នឹង​អំណោយ​ទាន​នៃ​ព្រះ‌គុណ​នោះ ដែល​មក​ដោយ‌សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ ហើយ​អំណោយ​ទាន​នោះ ក៏​មិន​មែន​ដូច​ជា​អំពើ​បាប ដែល​មនុស្ស​តែ​ម្នាក់​បាន​ធ្វើ​នោះ​ទៀត ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ ដែល​កើត​មក​ដោយ​ព្រោះ​ម្នាក់​នោះ​ឯង នោះ​បាន​កាត់​ទោស​ហើយ តែ​ព្រះ‌គុណ ដែល​កើត​មក​ដោយ​ព្រោះ​ការ​រំលង​ជា​ច្រើន នោះ​បាន​រាប់​យើង​ទុក​ជា​សុចរិត​វិញ ដ្បិត​បើ​សិន​ជា​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ នឹង​អំណោយ​ទាន​ជា​សេចក្ដី​សុចរិត នោះ​នឹង​បាន​សោយ‌រាជ្យ​ក្នុង​ជីវិត​លើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ) ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ‌សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ តែ​ក្រិត្យ‌វិន័យ​បាន​ចូល​មក​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​រំលង​នោះ​បាន​រឹត‌តែ​ធ្ងន់​ឡើង ប៉ុន្តែ កន្លែង​ណា​ដែល​មាន​បាប​ចំរើន​ជា​បរិបូរ​ឡើង នោះ​ព្រះ‌គុណ​ក៏​ចំរើន​ជា​បរិបូរ​លើស​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​សោយ‌រាជ្យ ដោយ‌សារ​សេចក្ដី​សុចរិត សំរាប់​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ‌រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5