រ៉ូម 5:12-17
រ៉ូម 5:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។
រ៉ូម 5:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាមរយៈមនុស្សតែម្នាក់ បាប*បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។ ប៉ុន្តែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើស ដូចលោកអដាំជានិមិត្តរូបនៃព្រះគ្រិស្តដែលត្រូវយាងមកនោះក៏ដោយ។ ប៉ុន្តែ កំហុសរបស់លោកអដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះគុណរបស់ព្រះជាម្ចាស់ និងព្រះអំណោយទានដែលបានមកពីព្រះគុណនេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្តយ៉ាងនោះដែរ។ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងអំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារទោសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស។ រីឯព្រះអំណោយទានវិញ ធ្វើឲ្យមនុស្សសុចរិត ទោះបីគេប្រព្រឹត្តខុសជាច្រើនយ៉ាងណាក៏ដោយ។ ដោយសារតែមនុស្សម្នាក់បានប្រព្រឹត្តខុស ហើយដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈមនុស្សម្នាក់នេះដែរ។ រីឯអស់អ្នកដែលបានទទួលព្រះគុណ និងព្រះអំណោយទាននៃសេចក្ដីសុចរិតដ៏បរិបូណ៌នោះវិញ តាមរយៈមនុស្សតែម្នាក់ គឺព្រះយេស៊ូគ្រិស្ត គេនឹងបានសោយរាជ្យក្នុងជីវិត និងរឹតតែប្រសើរថែមទៀត។
រ៉ូម 5:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ (ព្រោះរមែងមានបាបនៅក្នុងលោកីយ ដរាបដល់ក្រិត្យវិន័យ តែកាលមិនទាន់មានក្រិត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ ប៉ុន្តែចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្ដីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនឹងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្ដីជំនុំជំរះ ដែលកើតមកដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ ដ្បិតបើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ)